អភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជីវករ សហការចូលរួមធ្វើអនាម័យ វេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជីវករ សហការចូលរួមធ្វើអនាម័យ វេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ សម្រាប់មុខមាត់ខេត្តរបស់យើងទាំងអស់គ្នា។

ការជម្រុញរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយអាជីវករផ្សារពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផលបន្លែបង្ការបន្តិចបន្តួចមកលក់ដូរ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរ ជូនដល់ប្រជាពលរដ្ឋ បានជាច្រើនករណីបន្ថែមទៀត នៅសាលាខេត្តពោធិ៍សាត់ផងដែរ

*សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមបានចុះសួរសុខទុក្ខអាជីវករផ្សារ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តម នឹងបើកទទួលរងចាំប្រជាពលរដ្ឋទូរស័ព្ទចូល ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង ទៅតាមឋានានុក្រមក្រុមគ្រួសារ ទោះជាបង ប្អូន កូន ក្មួយ ឬជាសមាជិកម្នាក់ទៀតក្នុងគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត៕