ក្រសួងបរិស្ថាន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ សហគមន៍តំបន់ការពារធម្មជាតិ


វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យសហគមន៍តំបន់ការពារធម្មជាតិ ត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៤ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្រ្តីជំនាញក្រសួងបរិស្ថាននៅថ្នាក់ជាតិ និង មន្ត្រីរបរិស្ថាន មកពីបណ្ដាខេត្តចំនួន ៨ រួមមាន៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ សៀមរាប ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងគម្រោងរបៀងអភិរក្សជីវៈចម្រុះ ក្នុងគោលបំណងបង្ហាញអំពីការប្រើប្រាស់ មុខងារ និងតួនាទីរបស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព។

លោក គង់ សៀកលី ប្រធាននាយកដ្ឋានជីវភាពសហគមន៍ បានឱ្យដឹងថា វគ្គបណ្តុះ បណ្តាលនេះ មានសារៈសំខាន់ណាស់ ដោយមានបទបង្ហាញអំពីការប្រើប្រាស់មុខងារ និងតួនាទីរបស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលមានគេហទំព័រ http://pabccmis.bccp-cam.com/user/login ព្រមទាំងផ្ដល់ការណែនាំពីរបៀបគ្រប់គ្រង និងចូលទៅកាន់គេហទំព័រប្រព័ន្ធគ្រប់គ្រងទិន្នន័យតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ៖ គ្រប់គ្រងអ្នកប្រើប្រាស់ តួនាទី និងសិទ្ធិ។ វគ្គបណ្ដុះបណ្ដាលនេះក៏មានបទបង្ហាញពីការសាកល្បងពីរបៀបបញ្ចូលទិន្នន័យតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ រួមទាំងធ្វើការពន្យល់ពីនីតិវិធី និងដំណើរការបញ្ជាក់ឡើងវិញនៃទិន្នន័យដែលបានបញ្ចូលរួច។

លោកប្រធាននាយកដ្ឋានបានឱ្យដឹងទៀតថា អ្នកចូលរួមអាចអនុវត្ដន៍បង្ហាញពីរបៀបទាញយកទិន្នន័យពីប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបង្ហាញពីរបៀបបង្កើត និងទាញយករបាយការណ៍ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យដោយស្វ័យប្រវត្ដិ ធ្វើយ៉ាងណាឱ្យមន្រ្តីពាក់ព័ន្ធ ដែលជាអ្នកអនុវត្តន៍ទាំងអស់យល់ដឹង ក៏ដូចជាអនុវត្តន៍ការងារគ្រប់គ្រងវិស័យបរិស្ថានឱ្យមានប្រសិទ្ធភាព៕