ឯកឧត្តម ជា សុធារ៉ា បានណែនាំ និងជម្រុញដល់រដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នា ថែរក្សាការពារសុខសន្តិភាព និងអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព


ខេត្តមណ្ឌលគិរី៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំ និងជម្រុញដល់រដ្ឋបាលខេត្តមណ្ឌលគិរី រួមទាំងអាជ្ញាធរដែនដី និងសមត្ថកិច្ចទាំងអស់ ត្រូវរួមសហការគ្នា ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងរក្សាឱ្យបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់ជាតិ និងរួមគ្នាអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឯកឧត្តម បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
ឯកឧត្ដម ជា សុផារ៉ា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យទួទាំងខេត្ត ក្នុងការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចុ-សង្គម ធ្វើឲ្យប្រទេសយើងបន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូតដល់៧,៥% ក្នុងឆ្នាំ២០១៨កន្លងមក តាមរយៈកំណើនសេដ្ឋកិច្ចនេះបានបង្កលក្ខណៈសម្បត្តិដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាប័ន្នជាបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្ដម ជា សុផារ៉ា បានណែនាំ និងជម្រុញដល់រដ្ឋបាលខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ជាពិសេសសុវត្ថិភាពចរាចរណ៍ ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលរកបរទេស ត្រូវលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងកិច្ចដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដែលបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ និងមានបទធ្វើអន្តរាគមន៍រដ្ឋបាលឃុំសង្កាត់ ក្រុងស្រុក កងកម្លាំងទាំងបី និងមន្ទីរអង្គភាពពាក់ព័ន្ធ ឃើញថាសន្និបាតបានធ្វើការពិភាក្សាយ៉ាងផុសផុល ហើយបានឯកភាពក្នុងឆ្នាំ២០១៨កន្លងមក ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមការណែនាំចង្អុលបង្ហាញផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាដើម្បីអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្ថចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ឲ្យបាសម្រេចបានជោគជ័យ និងលទ្ធផលល្អប្រសើរ៕