អាជ្ញាធរជាតិអប្សរាគ្រោងចំណាយពេល២ខែ កែសម្រួលផ្លូវថ្មើរជើងតូចៗក្នុងបរិវេណប្រាសាទអង្គរវត្ត


អាជ្ញាធរជាតិអប្សរាបានគ្រោងនឹងចំណាយពេល២ខែ ដើម្បីរៀបចំកែសម្រួលផ្លូវថ្មើរ ជើងតូចៗដែលមានស្រាប់នៅសងខាងស្ពានហាលប្រាសាទអង្គរវត្ត ចន្លោះពីគុក តារាជ្យទៅក្តារបែនឡើងវិញ។ ការកែសម្រួលនេះនឹងធ្វើឡើងដោយត្រូវ លុបបំបាត់ផ្លូវដើរ ខ្លះដែលមិនសមរម្យ កែសម្រួលផ្លូវចាស់ដែលមានស្រាប់ និងបង្កើតផ្លូវថ្មីពីរខ្សែបន្ថែមទៀត។

គម្រោងកែសម្រួលនេះត្រូវបានឱ្យដឹងពីសំណាក់ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ក្នុងខណៈដែលឯកឧត្តមបានចុះត្រួតពិនិត្យ និងការវាស់វែងផ្លូវ កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដោយឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា មូលហេតុចម្បងនៃការកែសម្រួលផ្លូវដើរនេះ ដោយហេតុថា ផ្លូវចាស់រាល់ថ្ងៃដែលប្រើ ប្រាស់គ្រួសថ្មមិច បានខ្ទាតគ្រាប់ថ្មចេញពីផ្លូវអស់ច្រើន ហើយរាល់ពេលធ្វើដំណើរតែងបង្ក សំឡេងរំខានខ្សោកខ្សាកៗ និងស្រុតៗ ហើយជួនកាលទៀត គ្រាប់គ្រួសទាំងនេះបានជាប់ តាមស្បែកជើងទៅជ្រុះលើថ្មប្រាសាទក៏មានដែរ។

ឯកឧត្តម សុខ សង្វារ បានឱ្យដឹងទៀតថា ក្រោយទទួលបានយោបល់មកពីគ្រប់នាយក ដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា និងមានការឯកភាពពីអ្នកជំនាញនៅក្នុង កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ក្រុមការងារសម្រេចកែលម្អផ្លូវនេះឡើងវិញ ដោយប្រមូលគ្រួសថ្ម មិចដែលមានស្រាប់ចេញ ដាក់បង្ហាប់ដីល្បាយខ្សាច់ បង្ហាប់គ្រួសពីលើ ដាក់ដីល្បាយខ្សាច់ធ្វើ ជាជម្រាលខ្នងអណ្តើកដើម្បីសម្រួលទឹកហូរលឿន និងមានដាំបង្គោលក្រាក់អមសងខាងផ្លូវ ដើម្បីការពារការដើរជាន់ស្មៅ។ ម្យ៉ាងទៀតវត្ថុធាតុដែលយកមកធ្វើមានក្រួសថ្មមិច ដីល្បាយខ្សាច់ ស៊ីជាមួយនឹងទេសភាពស្មៅ និងប្រាសាទជាដើម។

ឯកឧត្តមបានបន្តថា ការសម្រេចលុបចោលផ្លូវដើរខ្លះ ដោយសារតែផ្លូវដើរទាំងនេះ កើតឡើងដោយភ្ញៀវទេសចរនាំគ្នាដើរកាត់វាលស្មៅបន្តិចម្តងៗ បង្កើតបានជាផ្លូវដើរ ទាំងដែលមិនមានគម្រោង មិនមានទំហំច្បាស់លាស់ មិនមានរបៀបរៀបរយ ខ្វាត់ខ្វែង មិនល្អមើល។ ចំណែកការបន្ថែមផ្លូវថ្មីមួយចំនួនទៀត គឺដើម្បីសម្រួលដល់ការធ្វើដំណើរ និងឱ្យមានរបៀបតាមការរៀបចំរបស់មន្ត្រីជំនាញ។ តាមគម្រោងផ្លូវថ្មីទាំងនេះ នឹងត្រូវដាំ ស្មៅនៅខាងចុងផ្លូវប្រវែង៥ម៉ែត្រ មុននឹងដើរឡើង លើថ្មប្រាសាទ។ ការដាំស្មៅនៅខាង ចុងផ្លូវនេះ មានប្រយោជន៍ក្នុងការជម្រុះនូវគ្រាប់គ្រួសឬដីធូលីផ្សេងៗ ដែលជាប់តាមស្បែក ជើងមុននឹងឡើងលើថ្មប្រាសាទ ដែលរួមចំណែកក្នុងការថែរក្សានូវសោភណភាពប្រាសាទ ក៏ដូចជាគុណតម្លៃនៃបេតិកភណ្ឌរបស់មនុស្សជាតិ៕