ឯកឧត្តម ឃួង ស្រេងស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើង ចាប់ពីក្រោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដល់មហាវិថីវិមានឈ្នះ ឈ្នះ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងប្រវែងជាង ១០គីឡូម៉ែត្រ ចាប់ពីក្រោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)ដល់មហាវិថីវិមានឈ្នះ ឈ្នះ( អូឌឹម)។ការស្នើសុំបែបនេះខណៈឯកឧត្តមទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ សាន់នីយ៉ា ឌូរ៉ានី ចាមែល(Sunniya Durrani-Jamal) នាយកធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងខ្លាំង ។ ទន្ទឹមនឹងការរីកចម្រើននេះរាជធានីភ្នំពេញក៏បានប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាបញ្ហាការកកស្ទះចរាចរណ៍និងបញ្ហាសំរាមជាដើម។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទៅលើការកកស្ទះចរាចរណ៍នេះឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយស្ថាបនាផ្លូវអមផ្លូវរថភ្លើងចាប់ពីក្រោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រហូតដល់មហាវិថីវិមានឈ្នះឈ្នះ( អូឌឹម ) ។

ឯកឧត្ដមបញ្ជាក់ថា ផ្លូវនេះពិតជាមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍លើបណ្តោយផ្លូវរុស្ស៊ី និងស្របពេលដែលរាជរដ្ឋាភិបាល គ្រោងនឹងបើកផ្លូវថ្មីមួយទៀតចាប់ពីមហាវិថីឈ្នះ ឈ្នះ(អូឌឹម)រហូតទៅដល់ក្រុងព្រះសីហនុ ដែលជាប្រភេទផ្លូវ BOT។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ឯកឧត្ដមអភិបាលរាជធានីក៏បានស្នើសុំឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយជ្រោមជ្រែងផងដែរ ខណៈដែលការដោះស្រាយបញ្ហាសំរាមនៅតែមានបញ្ហាប្រឈមនៅឡើយ។

ជាការឆ្លើយតបលោកជំទាវ សាន់នីយ៉ា ឌូរ៉ានី ចាមែល បានទទួលយកការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញដោយរង់ចាំឱ្យក្រុមការងារចុះធ្វើការសិក្សា លើបញ្ហាកកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកជំទាវបានបញ្ជាក់ថា ការដោះស្រាយជួយជ្រោមជ្រែងទៅលើរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើឡើងជាកញ្ចប់ធំមួយ ដោយមិនអាចធ្វើឡើងដាច់ដោយឡែកនោះទេ ហើយការងារជាច្រើនខាងធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយដែរ។

ក្នុងជំនួបពិភាក្សាការងារនោះដែរ លោកជំទាវក៏បានសម្ដែងនូវការ កោតសរសើរចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានកំណើនយានយន្ត កំណើនមនុស្ស និងកំណើនអចលនទ្រព្យផងដែរ៕