នៅព្រឹកនេះប្រធានាធិបតីកូរ៉េខាងត្បូង ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង


(ភ្នំពេញ)៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា នៅវេលាម៉ោងជាង៩៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញចូលគាល់ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣៖១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អំឡុងពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃដំបូង លោកបានជួបសំណេះសំណាលជាមួយនឹង វិនិយោគិន និងប្រជាពលរដ្ឋកូរ៉េ ក្នុងសហគមន៍កូរ៉េនៅកម្ពុជា ព្រមទាំងបានជួបទទួលទានអាហាររួមគ្នាជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

នៅព្រឹកនេះបន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ តាមកម្មវិធី គឺលោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ហើយអញ្ជើញគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា អំឡុងជំនួបទ្វេភាគីនោះ លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោ ហ៊ុន សែន នឹងពិភាក្សាអំពីការជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីបញ្ចប់ជំនួប ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចកី្តប្រកាសព័ត៌មានរួមគ្នា។

លោកប្រធានាធិបតី មូន ចេអ៉ិន និងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ត្រូវបានរំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។

ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជា របស់លោកប្រធានាធិបតីមូន ចេអ៊ីន គឺជាព្រឹតិ្តការណ៍ ដ៏សំខាន់ក្នុងទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងពង្រឹងមិត្តភាព ហើយនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានវិសាលភាពទូលំទូលាយ និងស៊ីជម្រៅ៕