ប្រកាសតែងតាំងប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, ឯកឧត្តម លី ប៊ុនសុង ជំនួសឯកឧត្តម ថោង សុខាំភូ​ ដែលទទួលភារកិច្ចថ្មី


(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, ឯកឧត្តម សុខ លូ អភិបាលខេត្ត និងឯកឧត្តម ថា អេងវេង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញ ប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ។

ពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ក៏មានការញ្ជើញចូលរួមពីប្រធាន អនុប្រធាន មន្ទីរចូលរួមជាច្រើននាក់ផងដែរ។ ឯកឧត្តម លី ប៊ុនសុង ត្រូវបានថ្នាក់ដឹកនាំ ប្រកាសតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ជំនួសលោក ថោង សុខាំភូ ដែលត្រូវបានផ្ទេរភារិច្ចទៅធ្វើជា នាយកសាលាជាតិគយ មានឋានៈស្មើរប្រធាននាយកដ្ឋាន។

ឯកឧត្តម លី ប៊ុនសុង បានប្តេជ្ញាចិត្តថា នឹងដឹកនាំពង្រឹងគុណភាពសាខាគយខេត្តកំពង់ធំ មានការរីកចម្រើនឲ្យបានល្អប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តថ្នាក់ដឹកនាំ និងថែរក្សារឹតបន្តឹងចំណងសាមគ្គីភាពផ្ទៃក្នុង អង្គភាពឲ្យបានរ៉ឹងមាំ ដើម្បីប្រសិទ្ធភាព ក្នុងប្រមូលចំណូលពន្ឋគ្រប់តាមផែនការ ជាពិសេសការបង្រ្កាបបទល្មើសរត់គេចពន្ធខុសច្បាប់ និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈម បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ថា អេងវេង បានថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានគាំទ្រ និងសហការជាមួយ និងមន្រ្តីគយ ក្នុងការបំពេញតួនាទីភារកិច្ច ការប្រមូលពន្ធគយនេះ។ ដោយឡែក គយមិនមែនមានតួនាទីប្រមូលពន្ធតែមួយមុខទេ គឺមានការសម្រួលលំហូរពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស និងការពារសន្តិសុខសង្គមផងដែរ។

ឯកឧត្តមបានបន្តថា គយប្រមូលបានចំណូលបានជាង២៥០០លានដុល្លារ ក្នុងរយៈ៥ឆ្នាំកន្លងមកនេះ កើនឡើងជាង២ដងកន្លះ និងបូកជាមួយនឹងចំណូលអគ្គនាយកដ្ឋានពន្ឋដា ក្នុងឆ្នាំ២០១៨នេះ ចំណូលបានជិត៥០០០លានដុល្លារ។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់លោកប្រធានថ្មី សូមដកស្រង់បទពិសោធន៍ ពីប្រធានចាស់នូវភូមិសាស្រ្តនានា និងសូមឲ្យអស់លោក លោកស្រី មន្រ្តីគយអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមមតិណែនាំទាំង៩ចំណុចរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងឱកាសនោះ ឯកឧត្តម សុខ លូ សង្ឃឹមយ៉ាងជឿជាក់ថា លោកប្រធានថ្មី នឹងធ្វើបានតាមការប្តេជ្ញាចិត្តនូវយន្តការប្រមូលពន្ធគយ ការទប់ស្កាត់ ទំនិញគេចពន្ឋនានា រួមទាំងការបង្រ្កាបផ្សេៗ ដែលត្រូវសហការជាមួយប្រធានគណបញ្ជាការឯកភាព ក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំ ខេត្ត ឲ្យទទួលបានលទ្ធផលល្អ ព្រោះវិស័យគយពន្ធដារ គឺជាប្រភពចំណូលដ៏សំខាន់ សម្រាប់ការបើកប្រាក់ ខែជូនដល់មន្រ្តីរាជការ សេដ្ឋកិច្ចយើង ត្រូវពឹងលើខ្លួនយើង។

ប្រធានថ្មី ​ត្រូវសហការជាមួយដៃគូអង្គភាពចំណុះ សាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបំពេញនូវចំណុចខ្វះខាត និងសហការជាមួយមន្ត្រីទាំងអស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់អស់លោក លោកស្រី ដែលចូលរួមនៅពេលនេះ ត្រូវពង្រឹង និងអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង និងចេះសហការគ្នាសាមគ្គីគ្នាដើម្បីអភិវឌ្ឍ ឲ្យមានការរីកចម្រើន៕