ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសស៊ុយអែតចូលជួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ


ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦–លោកជំទាវ Msria Sagren ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសស៊ុយអែត ប្រចាំកម្ពុជា ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាន ក្រោយជំនួបនោះថា លោកជំទាវ Msria Sagren បានគោរពជំរាបជូនសម្តេចតេជោថា លោកជំទាវពិត ជាមានកិត្តិយស ណាស់ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ បានជម្រាបជួនសម្ដេចតេជោថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺមានតាំងពី ឆ្នាំ១៩៦១ មកម្ល៉េះ ហើយក៏បានពង្រីកទំនាក់ទំនងនេះជាបន្តបន្ទាប់។
រហូតដល់ឆ្នាំ ២០១០ ប្រទេសស៊ុយអែត ក៏បានបើកស្ថានទូតនៅប្រទេសកម្ពុជា ហើយបន្ទាប់ពីការបើក ស្ថានទូតហើយ លោកជំទាវ ជាឯកអគ្គរដ្ឋទូតទី៣ មកកាន់ព្រះរាជាណាចក្រកម្ពុជា ឈរលើមូលដ្ឋាន ទំនាក់ទំនងមានស្រាប់នេះហើយ ដែលលោកជំទាវ នឹងផ្ដោតការយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ស៊ុយអែត ដើម្បីឈានឆ្ពោះទៅ ទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត។
កិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរអាចធ្វើបាន លោកជំទាវបានមានប្រសាសន៍ថា គឺផ្ដោតលើវិស័យអប់រំ ការផ្លាស់ប្ដូរវប្បធម៌ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ហាបំរែបំរួល អាកាសធាតុជាដើម។ ទាំងនេះជាមូលដ្ឋាន ដែលប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ សម្ដែងការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបានឯកភាព ជាមួយនឹងអ្វីដែលលោកជំទាវ បានលើកឡើង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
សម្ដេចបានមានប្រសាសន៍ថា យើងគប្បីណាពិនិត្យមើលអ្វីដែលយើងអាចសហការគ្នាបាន ជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម។
សម្ដេចតេជោក៏បានសម្ដែងនូវការរីករាយ ជាមួយនិងកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសរវាង ប្រទេសទាំងពីរជាទ្វេភាគី ដែលបានធ្វើការរួមគ្នា លើបញ្ហាកិច្ចផ្ដួចផ្ដើមជាសកលពាក់ព័ន្ធ និងបញ្ហាសិទ្ធិ ពលករ និង បញ្ហាបៀវត្សរបស់ពលករ ដែលចំណុចនេះ យើងអាចយកមកអនុវត្តនៅក្នុង ព្រះរាជាណាចក្រកម្ពុជា បានហើយក៏អាចអនុវត្តនៅប្រទេសដទៃទៀតបានដែរ ដែលមានស្ថានភាព ប្រហាក់ប្រហែលគ្នា។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលកន្លងមកបានជួយកម្ពុជា ពិសេសនៅក្នុងទសវត្ស៨០ បន្ទាប់ពីការដួលរលំរបស់របបប៉ុលពត ដែលប្រទេសស៊ុយអែត ជាប្រទេសមួយដែលបានទទួលស្គាល់ រដ្ឋកម្ពុជានាពេលនោះ៕