ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ សុង មួយជាម្ចាស់ដេប៉ូផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជ និងសម្ភារៈកសិកម្ម


កម្មវិធីទី៣: ឯកឧត្តមរដ្ឋមន្ត្រីបានចូលមកពិនិត្យ និងធ្វើការសំណេះសំណាលជាមួយដេប៉ូ សុង មួយជាម្ចាស់ដេប៉ូផ្គត់ផ្គង់ និងចែកចាយគ្រាប់ពូជ និងសម្ភារៈកសិកម្ម។ ដើម្បីឲ្យការជួបពិភាក្សានេះទទួលបានធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ក៏មានវត្តមានរបស់សហគមន៍កសិកម្ម ឈ្មួញកណ្តាលដែលពួកគាត់គឺជាសម្បទាននិកពីគម្រោងហាវេស ជំហាន២។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសួរនាំពីដំណើររីកចម្រើន បញ្ហាប្រឈមនានាដែលពួកគាត់បាននិងកំពុងជួបប្រទះ ការផ្តល់និងទទួលកិច្ចសហការពីមន្ត្រីជំនាញ ដៃគូអភិវឌ្ឍន៍ និងជាពិសេសប្រាក់ចំណូលគោលរបស់ពួកគាត់ទទួលបានពីការធ្វើកសិកម្ម។

ជារួម ដោយទទួលបានការគាំទ្រយ៉ាងប្រទាក់ក្រឡា និងមានប្រសិទ្ធភាពពីមន្ត្រីជំនាញ និងអង្គការ USAID ពួកគាត់បានសម្តែងនូវសេចក្តីសប្បាយរីករាយចំពោះវឌ្ឍនភាពដែលគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពួកគាត់សម្រេចបានប៉ុន្មានឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ ពួកគាត់ក៏បានស្នើដល់ឯកឧត្តមរដ្ឋមន្ត្រី និងអង្គការ USAID បន្តជួយផ្តល់ការងារបណ្តុះបណ្តាលលើបច្ចេកទេសផ្តើមពីការផលិតពូជ រហូតដល់ប្រមូលផល។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញឲ្យសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្តចុះផ្តល់កិច្ចសហការឲ្យបានល្អប្រសើរជូនប្រជាកសិករ ហើយលោកក៏បានបង្ហាញជូននូវទស្សនៈវិស័យមួយចំនួនដើម្បីឲ្យពួកគាត់យកទៅពង្រឹង និងពង្រីកសមត្ថភាពខ្លួន ក៏ដូចជាដៃគូអភិវឌ្ឍន៍ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រដូចជា ទី១. ត្រូវរៀបចំផែនការដាំដុះឲ្យមាននិរន្តរភាព ធ្វើយ៉ាងណាធានាបានដល់បរិមាណផ្គត់ផ្គង់ និងការបញ្ជាទិញពីទីផ្សារ។ ទី២. គួរពិនិត្យលទ្ធភាពក្នុងការសាងសង់ឃ្លាំងស្តុក និងឃ្លាំងត្រជាក់ ដើម្បីធានាដល់គុណភាព និងអាយុកាលនៃផលិតផល។ ទី៣. ត្រូវជម្រុញ និងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៤. ត្រូវផ្គត់ផ្គង់ និងលើកកម្ពស់ការប្រើប្រាស់ពូជសុទ្ធ និងធាតុចូលកសិកម្មគោរពតាមការណែនាំ និងមានបច្ចេកទេស។