ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN)


កម្មវិធីទី៤:

ទស្សនកិច្ចមជ្ឈមណ្ឌលឧត្ដមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ Center of Excellence on Substainable Agricultural Intensification and Nutrition (CE SAIN) ដែលសាកលវិទ្យាល័យភូមិន្ទកសិកម្មទទួលបន្ទុកអនុវត្តគម្រោងផ្ទាល់នៅខេត្តបាត់ដំបង ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ USAID។ គម្រោងនេះមានគោលដៅជំរុញនវានុវត្តន៍វិស័យឯកជន ការស្រាវជ្រាវ ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងការកសាងសមត្ថភាពវិស័យសាធារណ: និងការចែករំលែកចំណេះដឹងដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅប្រទេសកម្ពុជា។

តាមការបកស្រាយរបស់លោកនាយកគម្រោងបានឲ្យដឹងថា បច្ចុប្បន្នគម្រោងកំពុងអនុវត្តលើកម្មវត្ថុធំៗ៣ ទី១. ការសម្របសម្រួល និងបង្កើនអនុភាពសកម្មភាព កម្មវិធីមន្ទីរពិសោធន៍ នវានុវត្តន៍ និងសកម្មភាពផ្សេងៗពីប្រពលវប្បកម្មកសិកម្ម និរន្តរភាព និងអាហារូបត្ថម្ភ។ ទី២. កសាង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័ននៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងទី៣. បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីបង្ហាញនូវបច្ចេកវិទ្យា និងយុទ្ធសាស្រ្តដែលមានសក្តានុពលខ្ពស់ដើម្បីប្រពលវប្បកម្មប្រព័ន្ធកសិកម្មខ្នាតតូចប្រកបដោយនិរន្តរភាព។ បច្ចុប្បន្នមជ្ឈមណ្ឌលឧត្តមភាពនេះបានបង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មចំនួន ៥កន្លែងនៅ÷ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ភ្នំពេញ) ២. ស្ថានីយបុស្សខ្នុរ (កំពង់ចាម) ៣. វិទ្យាល័យរស្មីសោភ័ណ្ឌ(កំពង់ធំ) ៤. ស្ថានីយកសិកម្មទឹកវិល(សៀមរាប) និង៥. មណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៅសាកលវិទ្យាល័យបាត់ដំបង(បាត់ដំបង)។

នាឱកាសនេះ និស្សិតបានធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវលើប្រធានបទផ្សេងៗគ្នាជូនឯកឧត្តមរដ្ឋមន្ត្រី និងសហការីដូចជា÷ ១. ប្លង់ឧទ្យានបច្ចេកវិទ្យាកសិកម្ម ២. ការតប៉េងប៉ោះជាមួយត្រប់ដើម្បីបង្កើនទិន្នផលនៅក្នុងរដូវវស្សា ៣. ការធ្វើប្រព័ន្ធកសិកម្មចម្រុះ(ដាំបន្លែ និងចិញ្ចឹម សត្វ) ៤. ការចិញ្ចឹមត្រីបែបពាណិជ្ជកម្មដើម្បីនិរន្តរភាពជំនួញ ៥. ការប្រៀបធៀបគុណភាពចំណី ២ប្រភេទខុសគ្នារវាងម្សៅសណ្តែកសៀង និងចំណីផ្សំក្នុងស្រុកសម្រាប់ជ្រូក និងមាន់។

បន្ទាប់ពីបានពិនិត្យសកម្មភាពជាក់ស្តែងនៃការស្រាវជ្រាវ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយលទ្ធផលជូនដល់ប្រជាកសិករ ដើម្បីគាត់យកទៅអនុវត្ត និងកែលម្អលើផលិតកម្មបន្លែ សត្វ និងត្រីផងដែរ។ ការស្រាវជ្រាវនេះ គឺពិតជាបានចូលរួមចំណែកអនុវត្តគោលនយោបាយផែនការអភិវឌ្ឍវិស័យកសិកម្មបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនិស្សិតគួរតែជ្រើសរើសប្រធានបទណាដែលសមស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច បរិស្ថាន និងបញ្ហាជាក់ស្តែងដែលកសិករកំពុងជួបប្រទះ ដើម្បីឲ្យគាត់ទទួលយកលទ្ធផលនៃការស្រាវជ្រាវនោះ ទៅអនុវត្តមានប្រសិទ្ធភាព និងប្រសិទ្ធផល ដោយគ្រាន់តែបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។