លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ និមន្ដព្រះសង្ឃអភិសេកព្រះព្រហ្ម,ព្រះភិរុណ,ព្រះនាងទេពសុវណ្ណមច្ឆា ដើម្បីសុំសេចក្ដីសុខ ចម្រើន ជូនដល់ពលរដ្ឋកម្ពុជា


លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន ធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយសម្រាប់នគរកម្ពុជាបន្តទៀតជារៀងរហូតក្រោមមាគ៌ាដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

លោកជំទាវធ្វើការបួងសួងនេះខណៈអញ្ជើញជាអធិបតីក្នុងពិធីអភិសេក ព្រះព្រហ្ម ព្រះភិរុណ ព្រះនាងទេពសុវណ្ណមច្ឆា មកដម្កល់ នៅបរិវេណ ទីស្ដីការក្រសួងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរិទិ្ធស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២០ មីនា ឆ្នាំ២០១៩ ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានឩទ្ទិសកុសល្យផលបុណ្យដែលមកពីពិធីបុណ្យពុទ្ធាភិសេកបួងសួងសូមអោយវត្ថុសក្តិសិទ្ធក្នុងលោកតាមថែរក្សាប្រមុខដឹកនាំប្រទេសកម្ពុជាដែលមាន សម្តេចតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រមុខថ្នាក់ដឹកនាំព្រឹទ្ធសភា ប្រមុខថ្នាក់ដឹកនាំរដ្ឋសភា មន្រីរាជការ និង ប្រជាពលរដ្ឋទូទាំងប្រទេស សូមមានសុខភាពល្អអាយុយឺនយូរ ក្រោមម្លប់សន្តិភាព និងក្រោមរដ្ឋធម្មនុញ្ញតែមួយ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបាន ធ្វើការអំពាវនាវ ដល់ពុទ្ធបរិស័ទ ទាំងអស់ មេត្តាចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណ ប្រយោជន៍ដល់ការថែរក្សា ការពារ សេចក្តីសុខសន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿង សម្បូរ សប្បាយទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមគោលការណ៍នីតិរដ្ឋ៕