រដ្ឋបាលខណ្ឌមានជ័យ ផ្តល់អំណោយដល់ពលរដ្ឋ៥១គ្រួសារ រងគ្រោះដោយភ្លើងឆេះផ្ទះ នៅសង្កាត់ស្ទឹងមានជ័យទី២


ឯកឧត្តម ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ ប្រពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ ដែលស្ថិតនៅក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមាបជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដោយមានការអមដំណើរដោយ លោកជំទាវ ទាវ ធិតា អនុប្រធានសមាគមនារីខណ្ឌមានជ័យ និងជាអនុប្រធានទី១ចុះជួយសង្កាត់ស្ទឹងមានជ័យ២។

ក្នុងឱកាសនោះ ឯកឧត្តម ពេជ្រ កែវមុនី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះប្រកបដោយក្តីអាណិតអាសូរ និងសម្តែងការសោកស្តាយចំពោះ ឧបទ្ទវហេតុភ្លើងឆេះផ្ទះ ដែលបានបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម ពេជ្រ កែវមុនី បានពាំនាំនូវការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី ធុងហ្គាស់ ឬភ្លើងចង្ក្រាន្ត ដែលអាចបង្កគ្រោះអគ្គិភ័យ ដូចករណីខាងលើ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិនានាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះ ឯកឧត្តម ពេជ្រ កែវមុនី សូមផ្តាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត ពង្រឹងស្មារតី និងកម្លាំងដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ហើយត្រូវរក្សាអនាម័យក្នុងការរស់នៅជៀសវាងកើតមាន ជំងឺផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ពេជ្រ កែវមុនី និងក្រុមការងារ បាននាំយកអំណោយរបស់សាខាកាកបាទក្រហម កម្ពុជាខណ្ឌមានជ័យជូនដល់ពលរដ្ឋដែលរងគ្រោះទាំង៥១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម អំពូលភ្លើង១ ចង្ក្រានហ្គាស១ មី១កេស ត្រីខ១០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ តង់១ផ្ទាំង និងថវិកាមួយចំនួន។

ក្រោយពីទទួលបាននូវអំណោយមនុស្សធម៌នេះប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកអភិបាលខណ្ឌមានជ័យដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ អគ្គីភ័យបានឆាបឆេះ និងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៤៨ខ្នងផ្ទះ ដែលមានចំនួន៥១គ្រួសារស្ថិតនៅក្រុម៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕