សិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៨ អំពីសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា


នៅព្រឹកថ្ងៃ ចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សៅ សុភាព រដ្ឋលេខាក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៨ លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ជាក្រុមការងារបច្ចេកទេសរៀបចំក្រមបរិស្ថានទាំង៤ក្រុម អភិបាលរងខេត្តសៀមរាប អង្គការ UNDP អង្គការUSAID តំណាងស្ថានទូតជប៉ុន និងស្ថាប័នជាតិ-អន្តរជាតិពាក់ពទ្ឋ័ ជាច្រើនចូលរួម នៅខេត្តសៀមរាប។
ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឯកឧត្តម សៅ សុភាព មានប្រសាសន៍ថា សិក្ខាសាលាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនេះ ជាសេចក្តីព្រាងមួយដែលមានលក្ខណៈចម្រុះ និងគ្រប់វិស័យ ដែលប្រមូលផ្តុំរាល់បទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងដែនបរិស្ថាន និងធនធានធម្មជាតិ ដោយមានការបែងចែកជារចនាសម្ព័ន្ធត្រឹមត្រូវ ដើម្បីធានាឲ្យមានសង្គតិភាព និងភាពស៉ីសង្វាក់គ្នា ព្រមទាំងបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ភាពមិនច្បាស់លាស់ ការត្រួតសមត្ថកិច្ចគ្នានៃការគ្រប់គ្រងធនធានធម្មជាតិរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រមបរិស្ថាន និងធនធានធម្មជាតិនឹងក្លាយជាឧបករណ៍សម្រាប់ធានាប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សំដៅសម្រេចបាននូវការរស់នៅដោយចីរភាព តាមរយៈការធ្វើសមាហរណកម្ម គោលនយោបាយជាតិវិមជ្ឍការ និងវិសមជ្ឍការទៅក្នុងយន្តការធានាប្រសិទ្ធភាពអនុវត្តច្បាប់ និងការបង្កើតក្របខណ្ឌច្បាប់ពេញលេញមួយសម្រាប់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ការគ្រប់គ្រងអនាម័យសាធារណៈ សំណល់គ្រប់ប្រភេទ ការគ្រប់គ្រងគុណភាពខ្យល់ ដី និងទឹកជាដើម។
គួរបញ្ជាក់ថា៖ សិក្ខាសាលានេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយសមាសភាពក្រុមការងារបច្ចេកទេសថ្មីដែលទើបកែសម្រួលថ្មី ការធ្វើបច្ចុប្បន្នភាពដំណើរការរៀបចំក្រម និង ការប្រមូលធាតុចូលបន្ថែមទៀតលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ ២០១៥។