កម្ពុជា​ស្វែងរក​កិច្ចសហការ​កាន់តែ​ធំជាង​មុន​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ Jack​ Ma​


រដ្ឋាភិបាល​បាន​ស្វះស្វែង​រក​កិច្ច​សហប្រតិបត្តិ​ការ​ កាន់តែ​ទូលំទូលាយ​ជាង​មុន​ជាមួយ​ក្រុមហ៊ុន​ SHENZHEN​ 4PX​ EXPRESS​ CO​., LTD​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Alibaba​ របស់​មហាសេដ្ឋី​ Jack​ Ma​ នៅ​ក្រុង​ SHENZHEN​។

យោង​តាម​ការ​ចុះផ្សាយ​របស់​ទំ​ព័ត៌មាន​ ហ្វេ​សបុ​កផ្លូវការ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២៥​ ខែមីនា​កន្លងមក​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ស៊ុន​ ចាន់​ថុល​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​រូប​នេះ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ក្រុមហ៊ុន​ SHENZHEN​ 4PX​ EXPRESS​ CO​., LTD​ ក្នុង​គោលបំណង​ស្វែងរក​កិច្ច​សហប្រតិបត្តិ​ការ​បន្ថែម​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ ក៏ដូចជា​ពង្រីក​ការ​ដឹកជញ្ជូន​រវាង​កម្ពុជា​ និង​វិនិយោគ​នានា​ជាមួយ​ចិន​។

កាលពី​ពេល​ថ្មី​ៗនេះ​ផង​ដែរ​ ឯកឧត្តម​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ដឹកនាំ​ដោយ​លោក​ Kevin​ Li​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមការងារ​បណ្តាញ​ Global​ Parcel​ Network​ Team​ របស់​ក្រុមហ៊ុន 4PX​ Express​ Co​. , Ltd​. (ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ Alibaba​ Cainiao​ Logistics​ Group​) នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងកាត់​ ព្រំដែន​ក្នុង​ទីផ្សារ​កម្ពុជា​ក៏ដូចជា​ កសាង​សមត្ថភាព​ដល់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ស្រុក​ ដើម្បី​បង្ហាញ​ផលិតផល​របស់​ខ្លួន​ ក្នុង​វេទិកា​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ទូទាំង​ សកលលោក​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ 4PX​ Express​។

ឯកឧត្តម​ទេស​រដ្ឋមន្រ្តី​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ និង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ដំណោះ​ ស្រាយ​ឡូ​ជី​ស្ទីក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ ហើយ​បាន​ស្នើ​បន្ថែម​ឱ្យ​ក្រុមហ៊ុន​ពិចារណា​ លើ​ព្រលា​នយន្តហោះ​នៅ​កំពង់ឆ្នាំង​ ដែល​កន្លងមក​ត្រូវ​បាន​ប្រើ​ ប្រាស់​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន​ ដោយសារតែ​ខេត្ត​នេះ​ជាទី​តាំង​ឋិតនៅ​ ចំ​ចំណុច​កណ្តាល​សម្រាប់​ការ​តភ្ជាប់​ តាមផ្លូវ​ដែក​ ផ្លូវទឹក​ ផ្លូវ​ហាយ​វេ​ និង​ផ្លូវជាតិ​ផង​ដែរ​។

រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម​ នឹង​ជួយ​សម្រប​សម្រួល​​ដល់​រំហូរ​ការងារ​ដឹកជញ្ជូន​ទំនិញ​ និង​សេវា​របស់​ក្រុមហ៊ុន​ទាំងនោះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ឱ្យ​ពួកគេ​មាន​សក្ដានុពល​ក្នុង​ការពង្រីក​វិសាលភាព​របស់​ខ្លួន​ទាំង​ក្នុង​តំបន់​ និង​ពិភពលោក​ ដោយ​រៀបចំ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​សម្បូរ​បែប​ និង​តភ្ចាប់​គ្រប់​ច្រកល្ហក​ ព្រមទាំង​មាន​មណ្ឌល​ ឬឃ្លាំង​ស្តុក​ទំនិញ​តាម​ស្តង់​ដា​អន្តរជាតិ​ និង​ការ​សម្រួល​​ដល់​នីតិវិធី​ឯកសារ​រដ្ឋបាល​ផង​ដែរ​៕