ឯកឧត្តម ជា សុផារ៉ា បានចុះពិនិត្យ និងសិក្សាដើម្បីរៀបចំកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តម្លើងស្ថានីយបូមទឹកកខ្វក់ ដោះស្រាយសំរាមតាមឆ្នេរ


អនុវត្តតាមគោលការណ៏របស់រាជរដ្ឋភិបាល​ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ បានចុះពិនិត្យ និងសិក្សាដើម្បីរៀបចំកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តម្លើងស្ថានីយបូមទឹកកខ្វក់ ដោះស្រាយសំរាមតាមឆ្នេរ និងតាមការដ្ឋានសំណង់ កែលម្អប្រព័ន្ធលូ បណ្ដាញផ្លូវ និងគ្រប់គ្រងសំណង់ ក្នុងខេត្តព្រះសីហនុ ។ បន្ទាប់ពីចុះពិនិត្យ និងពិភាក្សាដើម្បីរៀបចំកែលម្អ ចំណុចខ្វះខាតនានា​ ដែលមានដូចជា រៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្រុងព្រះសីហនុ នៅលើផ្ទៃដីទែំហំ ១៦ហិកតា ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥៧០០ ម៉ែត្រគូប/ថ្ងៃ ឱ្យកើនដល់ ២៥០០០ ម៉ែត្រគូប/ថ្ងៃ ដោយបំពាក់ប្រព័ន្ធម៉ាស៊ីនមេកានិចស្វ័យប្រវត្តិបន្ថែម គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) ក្រសួងសាធារណការនិងដឹកជញ្ជូន និងអាជ្ញាធរខេត្តព្រះសីហនុ រៀបចំស្ថានីយបូមបង្វែទឹកកខ្វក់ កុំឱ្យហូរចូលក្នុងសមុទ្រចំនួន ៤ទីតាំង គឺនៅឆ្នេរឯករាជ្យ អូរសំអាត ឆ្នេរសុខា និងឆ្នេរអូរឈើទាល ដើម្បីបូមបង្វែទឹកកខ្វក់ទាំងអស់ពីទីតាំងនេះបញ្ជូនទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដោយមិនឱ្យហូរចូលសមុទ្រវិញទៀត។ ថវិកានេះ ជាចលនាពីឯកជន ដែលជាម្ចាស់សណ្ឋាគារខ្នាតធំរួមចំណែក។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និងភ្លើង បំភ្លឺជាសាធារណៈ អនុវត្តតាមផែនការរដ្ឋ ឯកជនចូលរួមនៅតំបន់ដែលមានសណ្ឋាគារធំៗ ដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ ហើយក៏ជាសោភ័ណភាពរបស់សណ្ឋាគារក្នុងការធ្វើអាជីវកម្មផងដែរ។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានឧបត្ថម្ភម៉ាស៊ីនសម្អាតឆ្នេរសមុទ្រ ដែលមានសមត្ថភាពផ្ទុកសំរាមទំហំ ១,៥០ម៉ែត្រគូប ក្នុងនោះ២គ្រឿងសម្រាប់ខេត្តព្រះសីហនុ ១គ្រឿងទៀត សម្រាប់ខេត្តកែប និងខេត្តកំពត។ ចំពោះគ្រប់សណ្ឋាគារ ភោជនីយដ្ឋាន និងសំណង់ទាំងអស់ត្រូវរៀបចំឱ្យមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅលូសាធារណៈ។ រាល់ការដ្ឋានសំណង់ អគារគ្រប់ប្រភេទ ត្រូវធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិច ២ម៉ែត្រ ដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០សង់ទីម៉ែត្រ ដើម្បីកុំឱ្យដី សំណល់រឹងរាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ព្រែក អូរ បឹង និងទីសាធារណៈ ក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថាន។ ជាមួយនេះ នៅក្នុងលិខិតលេខ ១៣៤៩ សជណ. ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានគណៈកម្មាជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំស្តារប្រឡាយ ព្រែកអូរឈើទាល អូរសម្អាត និងរៀបចំដាំកូននាងនួន នៅមហាវិថីទាំអស់ក្នុងក្រុង និងដាំកូនកោងកាងនៅព្រែកអូរឈើទាលឡើងវិញ ជាមួយគ្នានេះរៀបចំផ្លូវ ចញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជិះកង់ និងដាំដើមឈើកែលម្អរសោភ័ណ្ឌភាពនិងអភិវឌ្ឍបៃតងនៅព្រះសីហនុ