កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន កំណត់ពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០១៩នេះ។ ជាលទ្ធផលកិច្ចប្រជុំបានកំណត់ការបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានរបៀបវារៈសម័យប្រជុំដូចតទៅ៖

១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហនុមី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦។

៣- ការបោះឆ្នោតជ្រើសតំាង លោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មី ឆ្នាំ(២០១៩-២០២៨)។

៤-ការបោះឆ្នោតជ្រើសតាំងឯកឧត្តម ប្រាជ្ញ ច័ន្ទ ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និងឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ៕