ឯកឧត្តមបណ្ឌិត អុិត សំហេង បានអញ្ជើញជួបពិភក្សាការងារជាមួយលោក SUZUKI ប្រធានអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន


នៅថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគណៈប្រតិភូ បានអញ្ជើញជួបពិភក្សាការងារជាមួយលោក SUZUKI ប្រធានអង្គការសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នាឱកាសនេះលោក SUZUKI ប្រធានអង្គការ បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ហើយឆ្លៀតឱកាសអញ្ជើញមកពិភាក្សាការងារនៅអង្គការរបស់លោក។

លោកប្រធានបានជម្រាបជូនថា អង្គការនេះមានសាខាជាច្រេីននៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់សេវាគាំពារ ប្រឹក្សាយោបល់ និងជួយគាំទ្រដល់កម្មសិក្សាការីខ្មែរ ដែលកំពុងធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន និងរៀបចំបែបបទថ្មីសម្រាប់ការទទួលកម្មសិក្សាការីពីប្រទេសផ្សេងៗស្របតាមច្បាប់ និងបានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមកទទួលបានភាពល្អប្រសេីរ​ ព្រមទាំងស្នេីសុំឱ្យមានការសហការគ្នាបន្តទៀត​ ដេីម្បីធ្វេីយ៉ាងណាផ្តល់នូវការគាំពារទាំងឡាយស្របតាមច្បាប់​ ជាពិសេសការផ្តល់ជំនាញពិតប្រាកដ​ ដេីម្បីពួកគេអាចប្រកបមុខរបរបានទាំងនៅជប៉ុន​ និងនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍គណៈប្រតិភូ និងកោតសរសេីរចំពោះកិច្ចសហការកន្លងមកដែលទទួលបានលទ្ធផលល្អជាបន្តបន្ទាប់​ និងបានស្នេីសុំឱ្យមានការបន្តពង្រឹងកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងគាំទ្រដល់ការបណ្តុះបណ្តាល និងជ្រើសរើសកម្មសិក្សាការីខ្មែរមកជប៉ុនបានកាន់តែច្រើនថែមទៀត ព្រមទាំងជួយក្រសួងក្នុងការរៀបចំបែបបទផ្សេងៗស្របតាមនីតិវិធីនៃច្បាប់ថ្មី និងផ្តល់ជំនួយបច្ចកទេសលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្មសិក្សាការីខ្មែរឱ្យស្របតាមតម្រូវការទីផ្សារការងារនៅប្រទេសជប៉ុន​ ព្រមជាមួយនោះសូមជួយផ្សព្វផ្សាយ​ និងណែនាំដល់សមាគមនាំពលករពីកម្ពុជាបានដឹងពីនីតិវិធីថ្មីៗ ស្របតាមច្បាប់របស់ប្រទេសជប៉ុន និងសូមអញ្ជើញទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខដើម្បីមានឱកាសពិភាក្សាការងារទាំងនេះឱ្យបានកាន់តែល្អប្រសើរថែមទៀត។