ឯកឧត្តម សៅ សុភាព បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យវឌ្ឍនភាព នៃការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច


នារសៀលថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី «ការពិនិត្យវឌ្ឍនភាព នៃការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូច (ទំហំដីមិនលើសពី ១០ហិកតា) ស្ថិតក្នុងតំបន់ការពារធម្មជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងម្ចាស់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិសរុបចំនួន ៤០នាក់។ កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគ បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន រួមទាំងការបំពេញនីតិវិធីច្បាប់នានា ដូចជាការសិក្សាកំណត់ទីតាំងបោះបង្គោលព្រំដី ការចុះបញ្ជីក្រុមហ៊ុន ការរៀបចំចុះកិច្ចសន្យាវិនិយោគ ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍ និងការរៀបចំសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ កិច្ចប្រជុំក៏បានពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងផល់ប៉ះពាល់នានា ការពន្លឿនការបំពេញនីតិវិធីច្បាប់ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ដូចជា គោលការណ៍ណែនាំស្តីពីនីតិវិធីវិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការរៀបចំកិច្ចសន្យាវិនិយោគ។