ជំនួបពិភាក្សាការងាររវាង​ រដ្ឋបាលខេត្តសៀមរាប​ និងលេខាធិការបក្សកុម្មុយនីស្តចិន​ ខេត្តយូណាន​ នៃសាធារណរដ្ឋប្រជាមានិតចិន


ព្រឹកថ្ងៃអង្គារ​ ៦រោច​ ខែផល្គុន​ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​ បានជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម ឈិន ហាវ( H.E. CHEN HAO ) លេខាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ខេត្តយូណាន់​ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការអន្តជាតិ ដោយប្រព្រឹត្តិទៅនៅ សណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប

គួរបញ្ជាក់ថា​ ខេត្តសៀមរាប​ និងខេត្តយូណាន​ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាភ្ជាប់ទំនាក់ ទំនងមិត្តភាព ជាមួយគ្នាមានរយៈពេល ១៣ឆ្នាំមកហើយ គឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៦មក តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដោយបានផ្តោតលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្តសង្គម និងបច្ចេកវិទ្យា វប្បធម៌-សិល្បៈ អប់រំ កីឡា ទេសចរណ៍ កសិកម្ម រដ្ឋបាល…។ល។

ឯកឧត្តម ឈិន ហាវបានស្នើសុំ បន្តការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងសូមអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តីទៅទស្សនកិច្ចខេត្តយូណាន ដេីម្បីជំរុញការអនុវត្តជាក់ស្តែងលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដោយសារខេត្តទាំងពីរមានបទពិសោធន៍ និងមូលដ្ឋានការងារជាច្រើនស្រដៀងគ្នា​ និងសូមអញ្ជើញគណៈប្រតិភូសៀមរាប ចូលរួមវេទិការទេសចរណ៍នៅខេត្តយូណាន់នាពេលខាងមុខនាឆ្នាំនេះ។

ចាប់ពីឆ្នាំ២០១៩តទៅ ខេត្តយូណាន់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកធ្វើការព្យាបាលប្រជាពលរដ្ឋ និងបំពាក់សំភារៈ​សុខាភិបាលមួយចំនួន ហើយ សុំឱ្យបញ្ជូនក្រុមគ្រូពេទ្យខេត្តសៀមរាប ទៅសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅខេត្តយូណាន។ ចំពោះវិស័យអប់រំ ខេត្តយូណាន នឹងផ្តល់អាហារូបករណ៍ ដល់និស្សិត​ ដែលនៅនៅខេត្តសៀមរាប អោយសិក្សានៅខេត្តយូណាន​ ដោយសព្វថ្ងៃ​ ខេត្តយូណាន​ មាននិសិត្សខ្មែរមួយចំនួន​ បាននិងកំពុងសិក្សានៅខេត្តយូណាន៕