អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ខិតខំគាស់កកាយអំពីកេរ្តិ៍មរតវប្បធម៌ នៃល្បែងប្រពៃណី នៅក្នុងតំបន់នីមួយៗ មកលេងកំសាន្ត


អាជ្ញាធរ និងមន្ទីរ អង្គភាពជំនាញ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ខិតខំគាស់កកាយអំពីកេរ្តិ៍មរតវប្បធម៌ នៃល្បែងប្រពៃណី នៅក្នុងតំបន់នីមួយៗ មកលេងកំសាន្តសប្បាយ ប្រសើរជាង ការចាត់តាំងឲ្យលេង ទៅតាមការកំណត់ ។ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំទទួលការណែនាំ ស្ដីពីការរៀបចំផែនការបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ នាឆ្នាំ២០១៩នេះ ជាមួយថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ។
ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម មានប្រសាសន៍ ថ្វីត្បិតតែ ឆ្នាំថ្មី ឆ្នាំកុរ អាជ្ញាធរ បានកំណត់គោលដៅចំនួន ១៣កន្លែង សម្រាប់សប្បាយភាព ដល់ប្រជាពលរដ្ឋ ក៏ពិតមែន ក៏ប៉ុន្តែ មិនចាំបាច់តម្រង់ទិសថា ត្រូវកំណត់ឲ្យលេងល្បែងឲ្យដូចៗគ្នា និងទៅតាមការចាត់តាំងនោះទេ តែសូមឲ្យមូលដ្ឋាននីមួយៗ ខិតខំគាស់កកាយអំពីវប្បធម៌ ក្នុងតំបន់រៀងៗខ្លួន មកបង្ហាញដល់សាធារណៈជន បានទស្សនា កំសាន្តសប្បាយៗ ។ ម្យ៉ាងវិញទៀត បើយើងទាំងអស់គ្នា បានអភិរក្ស នូវល្បែងកំសាន្តទាំងអស់នោះ ក្រៅអំពី ផ្ដល់ភាពសប្បាយៗ ដល់ប្រជាពលរដ្ឋទូទៅ វាក៏បានរំលឹកនូវអត្តសញ្ញាណរបស់ដូនតាខ្មែរយើង ដែលបានកប់ និងបន្សល់ទុកតាំងពីអតីតកាល ឲ្យផុសឡើងសារជាថ្មីវិញ ផងដែរ ។ ឯកឧត្ដម មានប្រសាសន៍ថា ប្រសិនបើយើងម្នាក់ៗ គិតតែពីនាំគ្នា តម្រង់ទិសឲ្យលេងល្បែងតែមួយមុខៗ នោះកេរ្តិ៍តំណែលវប្បធម៌ដើម ដែលបានកប់នៅក្នុងមូលដ្ឋានតាំងពីដូនតាមក នឹងចេះតែបាត់បង់ទៅៗ ដោយសារតែការចាត់តាំងរបស់យើងនោះ ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ ដល់សមាជិកអង្គប្រជុំ ចូលរួមមតិ ដើម្បី ជ្រើសរើសឈ្មោះល្បែងប្រជាប្រិយ ដាក់បញ្ចូលទៅក្នុងសេចក្ដីណែនាំ ក៏ប៉ុន្តែ យើងមិនបានកំណត់ថា គ្រប់មូលដ្ឋានទាំងអស់ ត្រូវលេងល្បែងកំសាន្តនោះ ទាំងអស់នោះឡើយ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ក៏បានស្នើទៅដល់ក្រុង ស្រុកទាំងអស់ បន្តដឹកនាំឃុំ សង្កាត់ នីមួយៗ ជួយផ្សព្វផ្សាយ អំពីទីកន្លែងឈរជើង របស់ក្រុមការងារអត្តសញ្ញាណកម្ម នៃស្នងការនគរបាល ដើម្បី ឲ្យប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករចំណាកស្រុក ដើម្បី បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឲ្យបានគ្រប់ៗគ្នា ខណៈដែលពួកគាត់ បានមកកាន់ស្រុកកំណើតផ្ទាល់ នាឱកាសបុណ្យចូលឆ្នាំថ្មីនោះ ។ លើសពីនេះទៅទៀតនោះ ក៏សូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ ចូលអនុវត្តទៅតាម សេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ផងដែរ ។
សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំកុរ នាឆ្នាំនេះ អាជ្ញាធរ បានត្រៀមគោលដៅសប្បាយភាព នៅតាមវត្តអារាម និងរម្មណីដ្ឋាននានា ក្នុងក្រុង ស្រុកទាំង ១០ ចំនួន ១៣កន្លែង ក្នុងនោះ ស្រុកកំពង់សៀម មាន ៤កន្លែង គឺ ៖ រម្មណីដ្ឋានប្រវត្តិសាស្ត្រ វត្តនគរបាជ័យ រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំប្រុស ភ្នំស្រី រម្មណីដ្ឋានប្រវត្តិសាស្ត្រភ្នំហាន់ជ័យ និងរម្មណីដ្ឋានកែច្នៃ ឆ្នេរខ្សាច់កោះប៉ែន ។

គួរកត់សម្គាល់ដែរថា នៅពេលពិធីបុណ្យចូលឆ្នាំឈានមកដល់ម្ដងៗ គេសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋទូទៅ តែងនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ មានដូចជា ៖ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង រាំវង់ ជាដើម ។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្លះ ក៏បានជ្រើសរើសយកល្បែងកំសាន្ត ទៅតាមតំបន់ របស់ដូនតា មកលេងកំសាន្ត ផងដែរ ៕