អគ្គរាជទូតជប៉ុន៖ គិតត្រឹមឆ្នាំ២០១៨ ជប៉ុនបានផ្តល់ជំនួយដល់កម្ពុជាជិត ៤ពាន់លានដុល្លារ


លោក ហូរីណូអ៊ុជិ ហ៊ីដេហ៉ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា តាមរយៈជំនួយ ODA (Official development assistance) គិតត្រឹមឆ្នាំ២០១៨ រាជរដ្ឋាភិបាលរបស់ជប៉ុន បានផ្តល់ថវិកាជិត ៤ពាន់លានដុល្លារអាមេរិក ដល់កម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញបើកកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន ស្ដីអំពីជំនួយ ODA ជប៉ុន ២០១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោកឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ យើងបាននិងកំពុងគាំទ្រដល់កម្ពុជា ចាប់ពីដំណើរការសន្តិភាពដំបូង តាមរយៈការកសាងឡើងវិញជាបន្តបន្ទាប់ និងរហូតដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាប្រមាណ ៣ពាន់៩រយលានដុល្លារអាមេរិក ក្រោមជំនួយ ODA គិតត្រឹមឆ្នាំសារពើពន្ធ ២០១៨»

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ទៀតថា ប្រទេសជប៉ុនគាំទ្រដល់ការពង្រឹងបន្ថែមនូវគ្រឹះសេដ្ឋកិច្ចសង្គម ដើម្បីជួយឱ្យកម្ពុជា សម្រេចបាននូវឋានៈជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ដោយផ្តោតលើវិស័យអាទិភាពចំនួន ៣គឺ៖ ១៖ ការអភិវឌ្ឍឧស្សាហកម្ម, ២៖ ការផ្តល់នូវគុណភាពនៃជីវភាពរស់នៅប្រសើរជាងមុន និង៣៖ ការជំរុញឱ្យមានសង្គមប្រកបដោយនិរន្តភាព តាមរយៈការពង្រឹងអភិបាលកិច្ច។

លោកថាជប៉ុន ក៏បាននិងកំពុងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន។ កិច្ចការទាំងនេះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ដូចជាផ្លូវថ្នល់ កំពង់ផែ មន្ទីរពេទ្យ សាលារៀន ធនធានមនុស្ស និងប្រព័ន្ធផ្គត់ផ្គង់ទឹក ការលុបបំបាត់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការជំរុញការវិនិយោគជាដើម។

បើតាមលោក កាតាណា ប្រធានគ្រប់គ្រង ODA របស់ជប៉ុនប្រចាំកម្ពុជា បានរំលឹកថា ជប៉ុនបានអនុវត្តន៍ជំនួយយ៉ាងសកម្មនៅកម្ពុជា តាំងពីឆ្នាំ១៩៩១។ លោកថាទឹកប្រាក់សរុបនៃជំនួយ ODA ដល់កម្ពុជាគិតត្រឹមឆ្នាំ២០១៧ (ដោយគិតអត្រា ១ដុល្លារ/ ១១០យ៉េន) មានចំនួនប្រមាណ ១២៧៥លានដុល្លារអាមេរិក ជាកម្ចីសម្បទាន, ប្រហែល ១៨៣១លានដុល្លារអាមេរិក ជាជំនួយឥតសំណង និងប្រហែល ៧៨៤លានដុល្លារអាមេរិក ជាកិច្ចសហប្រតិបត្តិការបច្ចេកទេស។

លោកប្រធាន កាតាណា បានបន្ថែមថា «ថវិកា ODA ជប៉ុន ត្រូវបានកំណត់ដោយគម្រោងនីមួយៗ ដែលត្រូវបានអនុម័ត ហើយយើងមិនមានការបែងចែកទុកជាមុន សម្រាប់ប្រទេសកម្ពុជាឡើយ»

ជាមួយគ្នានេះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៉ីសា ក៏មិនបានភ្លេចសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន ស្ដីអំពីជំនួយ ODA ជប៉ុន ២០១៩ រយៈពេល៣ថ្ងៃនេះ។ លោកបន្តថា តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ ស្ថានទូតជប៉ុន និងអង្គការ JICA មានមោទកភាព ដែលបានអញ្ជើញតំណាងអ្នកសារព័ត៌មានកម្ពុជា ដែលលេចធ្លោទៅកាន់តំបន់ នៃគម្រោងជំនួយ ODA របស់ជប៉ុនយ៉ាងរីករាយ។

លោកឯកអគ្គរាជទូតជប៉ុនរូបនេះ បន្តទៀតថា ការអញ្ជើញអ្នកសារព័ត៌មាន ឱ្យធ្វើទស្សនកិច្ចឆ្នាំ២០១៩នេះ គឺដើម្បីជួយផ្សព្វផ្សាយ អំពីសមិទ្ធិផលនានា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន។ លោកបានបញ្ជាក់ថា «ការបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់យើង ត្រូវបានយល់ដឹងយ៉ាងត្រឹមត្រូវ និងគាំទ្រពីប្រជាជនកម្ពុជា និងជប៉ុន គឺសំខាន់ណាស់។ ដូច្នេះតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺមិនអាចខ្វះបានទេ ក្នុងការសម្រេចគោលបំណងទាំងនេះ»