អភិបាលរាជធានីអំពាវនាវឱ្យប្រជាពលរដ្ឋគោរពគោលដៅធ្វើចរាចរណ៍ក្នុងអំឡុង ពេលប្រារព្វព្រះរាជពិធីបុណ្យអុំទូក


ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦– អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមគោរពផែនការកំណត់គោលដៅធ្វើ ចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែ ខាងមុខនេះ ដើម្បីធានា កុំឱ្យមានការកក់ស្ទះ ចរាចរណ៍ និងរំខានដល់ការកំសាន្តសប្បាយ របស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីសូត្រមន្តក្រុងពាលី សុំសេចក្តីសុខសប្បាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរមណីយដ្ឋានវត្ដភ្នំ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ អាជ្ញាធរនឹងធ្វើការបិទ ចរាចរណ៍ រថយន្តធំៗមិនឱ្យចូលក្រុងត្រង់ផ្លូវខ្សែក្រវាត់ទី៣នៃរាជធានីភ្នំពេញ រថយន្តដឹកអ្នកដំណើរត្រង់ ខ្សែក្រវាត់ទី២ និងរថយន្តតូចៗត្រឹមខ្សែក្រវាត់ទី១ ចំណែកតំបន់ការពារពិសេសត្រូវបាន ហាមឃាត់ ទំាងស្រុង។
ឯកឧត្តមបានបន្ដថា ការកំណត់គោលដៅធ្វើចរាចរណ៍នេះ គឺដើម្បីរក្សាសណ្តាប់ធ្នាប់ កុំឱ្យមានការ កក់ស្ទះចរាចរណ៍នៅក្នុងក្រុង ឬកន្លែងប្រារព្វពិធី ខណៈបច្ចុប្បន្នរាជធានីភ្នំពេញ មានរថយន្តច្រើន រហូតដល់ជាង៤០ម៉ឺនគ្រឿង ដែលកំពុងប្រឈមនឹងកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃ។
ដូច្នេះប្រសិនបើបន្ថែមរថយន្ត មកពីតាមបណ្តាខេត្តទំាងអស់ ប្រមាណជាង៣០ម៉ឺនគ្រឿងទៀត ហើយធ្វើឱ្យទីក្រុងទំាងមូលមិនអាចធ្វើចរាចរណ៍បានឡើយ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបន្ដថា ទោះបីជាមានការថ្នំាងថ្នាក់និងការមិនសប្បាយ ចិត្តរបស់ប្រជាពលរដ្ឋជុំវិញការបិទចរាចរណ៍នេះយ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរត្រូវតែធ្វើឱ្យបានដើម្បី ផលប្រយោជន៍រួម ពិសេសសូមឱ្យ ម្ចាស់យានយន្តទំាងអស់នោះ មានការយោគយល់ និងរួមគ្នាអនុវត្តន៍ ឱ្យបានគ្រប់ៗគ្នា។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងអំឡុងពេលហាមឃាត់នេះ តាមច្រកផ្លូវជាតិលេខ១ ចំពោះរថយន្តធំ រថយន្តដឹកទំនិញគ្រប់ប្រភេទ ត្រូវបង្វៀងតាមផ្លូវក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ ឆ្ពោះទៅស្ពានព្រែកសំរោង ក្រុងតាខ្មៅ។
ចំណែករថយន្តដឹកអ្នកដំណើរ គ្រប់ប្រភេទ ម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណវត្តនិរោធរង្ស៊ី វិទ្យាល័យច្បារអំពៅ ចំណត រថយន្តច្បារអំពៅ និងតាមបណ្តោយផ្លូវលេខ៣៦៩ ខាងត្បូងវត្តព្រែកប្រា។ លេខជាតិលេខ២ ចំពោះ រថយន្តធំ រថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវចូលចតក្នុងចំណតចាក់អង្រែក្រោម និងក្នុងបរិវេណ អនុវិទ្យាល័យចាក់អង្រែលើ។
ចំណែករថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ម៉ូតូសណ្តោងរ៉ឺមក់ ត្រូវចូលចតក្នុងបរិវេណវត្តចាក់អង្រែក្រោម និងបណ្តោយផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍បឹងជើងឯក។ ផ្លូវជាតិ លេខ៣ និងផ្លូវជាលេខ៤ ចំពោះរថយន្តធំ រថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវចូលចតក្នុងចំណតរថយន្ត ចោមចៅ ចំណែក រថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ ម៉ូតូសណ្តោងរ៉ឺមក់ ត្រូវឈប់ចតមិនឱ្យហួស ស្តុបណតប្រ៊ីជឡើយ។
ផ្លូវជាតិលេខ៥ ចំពោះរថយន្តធំ រថយន្តដឹកទំនិញគ្រប់ប្រភេទ ត្រូវបង្វែទិស ធ្វើដំណើរតាមទំនប់កប់ស្រូវ ឬចូលចតក្នុងចំណត់គីឡូម៉ែត្រលេខ៩ ចំណែករថយន្តដឹកអ្នកដំណើរ គ្រប់ប្រភេទ ម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅសាលាដែក ដោយមិនឱ្យហួសផ្លូវលេខ៦៨ឡើយ។
ផ្លូវជាតិលេខ៦ ចំពោះរថយន្តធំ រថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវបង្វែទិសធ្វើដំណើរតាមស្ពាន ព្រែក ព្នៅ តាមផ្លូវទំនប់កប់ស្រូវ ឬចូលចតចំណតព្រែកលៀប ចំណែករថយន្តដឹកអ្នកដំណើរគ្រប់ ប្រភេទ ម៉ូតូសណ្តោងរឺមក់ ត្រូវចូលចត់ចំណតជ្រោយចង្វារ ទីធ្លាវត្តគៀនឃ្លាំង និងសាលាបឋមសិក្សា ព្រែកលៀប។
ផ្លូវ២១៧ចំពោះរថយន្តធំ រថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវចតនៅខាងត្បូង ផ្លូវវេងស្រេង ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កដែលចូលតាមផ្លូវ២១៧ ត្រូវចតនៅ សាលាបឋម សិក្សាស្ទឹងមានជ័យ ចំណែកផ្លូវ៥៩៨ ឬមហាវិថីឧកញ៉ាម៉ុងរិទ្ធី ចំពោះរថយន្តដឹក អ្នកដំណើរ និងម៉ូតូ សណ្តោរ៉ឺម៉ក ត្រូវបង្វែចូលតាមផ្លូវតូចៗមិនឱ្យហួសមហាវិថី គីម អ៊ីលស៊ុង ឬចតនៅបរិវេណបឹងកក់។
សូមបញ្ជាក់ថា វិធានការកំណត់គោលដៅធ្វើចរាចរណ៍ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងអំឡុងពេល ប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នឹងត្រូវ អនុវត្តន៍ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ចាប់ពីម៉ោង១០.០០នាទីព្រឹក ដល់ម៉ោង ២២.០០នាទីយប់៕