គម្រោងវិនិយោគបើករោងចក្រផលិតកាបូប និងសម្លៀកបំពាក់ ៣ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត សរុបទុនវិនិយោគជាង២៣លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបើករោងចក្រផលិតកាបូប និងកាត់ដេរសម្លៀកបំពាក់ចំនួន ៣ថ្មីទៀត សរុបទុនវិនិយោគជាង២៣លានដុល្លារអាមេរិក បង្កើតការងារជូនពលរដ្ឋខ្មែររាប់ពានកន្លែងថែមទៀត។

យោងតាម Facebook របស់ CDC ចុះផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ GUO TAI SHENG XING (CAMBODIA) GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣២៤កន្លែង។

២៖ CINLON INTERNATIONAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុន វិនិយោគប្រមាណ ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,២០៨កន្លែង។

៣៖ T & L (CAMBODIA) HANDBAGS INDUSTRIAL CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាមភេម សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩៧៥កន្លែងផងដែរ៕