អភិបាលខេត្តក្រចេះ ចុះសំណេះសំណាល និងនាំអំណោយផ្តល់ជូនកងកម្លាំងនគរបាលតាមព្រំដែន ជាការលើកទឹកចិត្តមុនឱកាសបុណ្យចូលឆ្នាំខ្មែរ


(ក្រចេះ)៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយ និងនាយ-នាយរងព្រមទាំង មន្រ្តីនគរបាលទាំងអស់ នៃវរការពារព្រំដែនគោកលេខ៦១៩ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្ត ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

នៅចំពោះមុខកងកម្លាំងនគរបាល អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន បានជំរុញឲ្យនគរបាលវរការពារព្រំដែន ត្រូវខិតខំ ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចការពារសន្តិសុខតាមខ្សែរក្រវ៉ាត់ ព្រំដែនធ្វើយ៉ាងណាឲ្យព្រំដែនមានសន្តិភាពជាមួយ ប្រទេសជាប់ព្រំដែន។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានថ្លែងឲ្យដឹងថា ព្រំដែនប្រទេសកម្ពុជា ខេត្តក្រចេះមានព្រំដែនជាប់ប្រទេសវៀតណាម ចំងាយ៧៤គីឡូ៥០០មែត្រ។ ចំណែកឯសភាពការព្រំដែនសម្រាប់ខេត្តក្រចេះ និងខេត្ត ប៊ិញភឿក ប្រទេសវៀតណាម ក៏មិនធ្លាប់កើតមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

ដោយឡែក ចំពោះបង្គោលខណ្ឌសីម៉ាព្រំដែន កសាងដោយក្រុមបច្ចេកទេសព្រំដែនថ្នាក់ជាតិ អនុវត្តសាងសង់បាន១២បង្គោល និងបង្គោលខណ្ឌសីម៉ាព្រំដែនតូចៗ ដែលកំណត់បន្ថែមដោយ ទ្វេភាគីថ្នាក់ជាតិ បានចំនួន១៣០បង្គោល។

អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន បានសម្តែងនូវការកោតសសើរ និងលើកទឹកចិត្តដល់កម្លាំងនគរបាលវរការពារព្រំដែន ដែលកន្លងមក មានការយកចិត្តទុកដាក់ និងភារកិច្ចការងារ បានសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ដើម្បីរួមគ្នារក្សាបានល្អនូវសន្តិសុខតាមខ្សែរ បន្ទាត់ព្រំដែន។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យនគរបាលខិតខំបម្រើសេវាសាធារណៈជូនប្រជាពរដ្ឋ ដែលរស់តាមខ្សែបន្ទាត់ព្រំដែន និងការរឹតបន្តឹងសាមគ្គីភាពផ្ទៃក្នុងពង្រឹងវិន័យ និងក្រមសីលធម៌ ការរួមគ្នាបង្ករបង្កើនផល។

ជាមួយនិងពិធីចុះសួរសុខទុក្ខនាថ្ងៃនោះឯកឧត្តម វ៉ា ថន បានផ្តល់ថវិកា ជូនអង្គភាពនគរបាលវរការពារព្រំដែនចំនួន ៥លានរៀល និងផ្តល់ជូននគរបាលវរការពារព្រំដែន ចំនួន១៣០នាក់ ក្នុង១នាក់៣ម៉ឺនរៀល និងផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួនធំទៀត៕