អភិបាលខេត្តពោធិ៍សាត់៖ គ្រូពេទ្យគឺជាម្តាយទី២ របស់ប្រជាជន ពាក្យសំដីល្អ គឺជាឱសថទិព្វ ក្នុងការព្យាបាលជំងឺផ្លូវចិត្ត ផ្លូវកាយរបស់អ្នកជំងឺទូទៅ


ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា គ្រូពេទ្យគឺជាម្តាយទី២ និងជាពុម្ពផលិតមនុស្សថ្មី របស់ប្រជាជន ពាក្យសំដីល្អ គឺជាឱសថទិព្វ ក្នុងការព្យាបាលជំងឺផ្លូវចិត្ត ផ្លូវកាយរបស់អ្នកជំងឺទូទៅ។ ដូច្នេះបុគ្គលិក និងគ្រូពេទ្យទាំងអស់ ត្រូវអនុវត្តន៍ និងប្រើប្រាស់ ក្រមសីលធម៌ វិជ្ជាជីវៈ លើការព្យាបាល ផ្តល់សេវាដោយមិនប្រកាន់និន្នាកា ពិសេសស្ត្រីមានផ្ទៃពោះ ទារក កុមារ និងជនចាស់ជរាគ្មានទីពឹង ដោយពង្រឹង និងជម្រុញបន្ថែម ការអនុវត្តច្បាប់គ្រប់គ្រងឱសថ ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ ដើម្បីធានាសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវា។

ការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងនៅសាលប្រជុំរបស់មន្ទីរ ក្នុងពិធីបិទសន្និបាតបូក​សរុបលទ្ធផល​ការងារ ឆ្នាំ២០១៨ និងលើកទិសដៅប្រចាំ ឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលប្រតិបត្តិទាំង៤ មន្ទីរពេទ្យបង្អែកទាំង៤ មណ្ឌលសុខភាពទាំង៤០ គណៈអភិបាលក្រុង ស្រុក តំណាងស្ថាប័នពាក់ព័ន្ធ និងអង្គការជាដៃគូ អភិវឌ្ឍន៍ផ្នែកសុខាភិបាល ជាង៣០០នាក់។

នៅក្នុងពិធីបិទសន្និបាតឯកឧត្តម ម៉ៅ ធនិន បានថ្លែងការកោតសរសើរ ដល់មន្រ្តី ថ្នាក់ដឹកនាំ និងបុគ្គលិក នៃមន្ទីរសុខាភិបាល និងអង្គការជាដៃគូទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អ ក្នុងឆ្នាំ២០១៨កន្លងមក និងបានចាត់ទុកថា សន្និបាតនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ធ្វើការតាមដាន ពិនិត្យ វាយតម្លៃសមិទ្ធផល សកម្មភាព អំពីការលំបាក និងបញ្ហាប្រឈមកន្លងមក ដើម្បីដោះស្រាយ និងកំណត់ទិសដៅ ផែនការសម្រាប់ឆ្នាំបន្ត។ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវពង្រីកបន្ថែមនូវចំណេះដឹង និងបទពិសោធន៍ ដើម្បីផ្តល់ និងបម្រើសេវាសាធារណៈ​ឲ្យបានពេញ​លេញ មានក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវ ចំពោះ​ការងារជួយសង្រ្គោះប្រជាពលរដ្ឋ ជាមួយនឹងសម្ភារបរិក្ខា​ទំនើប ដែលបានបំពាក់ជាបន្តបន្ទាប់គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។ ថ្នាក់ដឹកនាំខេត្តរូបនេះ បានលើកឡើង​ថា មនុស្សដែលមិនស្គាល់ពីអតីតកាលរបស់ខ្លួន គឺមិនដែលជោគជ័យនៅក្នុងពេលបច្ចុប្បន្នទេ ហើយបើមិនស្គាល់ពីកម្លាំងនៅពេលបច្ចុប្បន្នរបស់ខ្លួនទេ គឺមិនអាចលើកទិសដៅយកជោគជ័យទៅថ្ងៃអនាគតផងដែរ។ ត្រង់ចំណុចនេះ ឯកឧត្តមសូមឲ្យបុគ្គលិកសុខាភិបាលទាំងអស់ បណ្តុះ ខាកខ្ជាក់ នូវវប្បធម៌កតញ្ញូ និងបណ្តុះឧត្តមគតិចរិកជាតិនិយម ដល់កូនចៅយើងជំនាន់ក្រោយ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ កត្តានេះហើយសូមថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក៕