ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីចូលជួបពិភាក្សាការងារ


នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវជ្រាបអំពីការវិវត្តន៍រីកចម្រើន បញ្ហាប្រឈម និងវិសាលភាពនៃការដាំដុះ ការនាំចេញ និងទិសដៅរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ហើយលោកក៏សង្ឃឹមថា តាមរយៈឯកឧត្តម Takahashi Fumiaki នឹងអាចទាក់ទាញអ្នកវិនិយោគគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម ពិសេសលើការកែច្នៃវត្ថុធាតុដើមទៅជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីអំពីការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជា ឯកឧត្តម Takahashi Fumiaki បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា ប្រធានបទនេះគឺជាគោលបំណងសំខាន់នៃជំនួបពិភាក្សានារសៀលថ្ងៃនេះ។ ដោយបច្ចុប្បន្ន ក្រុមហ៊ុន iL BRiLLE Co.,Ltd នៃប្រទេសជប៉ុនកំពុងធ្វើការសិក្សា ស្រាវជ្រាវ និងរៀបចំផែនការវិនិយោគលើការកែច្នៃសូត្រ ទៅជាគ្រឿងសំអាង ហើយដើម្បីឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យឯកឧត្តម Takahashi Fumiaki ស្នើសុំការណែនាំ និងកិច្ចសហការពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអភិវឌ្ឍវិស័យសូត្រកម្ពុជាជាប្រយោជន៍ដល់ប្រជាកសិករ និងភាពល្បាញល្បីនៃសូត្រកម្ពុជាលើទីផ្សារអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយលោកសន្យាថានឹងផ្ដល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចរំពឹងទុក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីបង្កើតក្រុមការងារសិក្សា ស្រាវជ្រាវ និងវាយតម្លៃជាលំអិតអំពីសក្តានុពលនៃផលិតកម្មសូត្រ ដោយត្រូវយកចិត្តទុកដាក់ក្នុងការបំពេញនូវតម្លៃបន្ថែម តាមរយៈការប្រើប្រាស់យន្តការទំនើបកម្ម បច្ចេកទេសខ្ពស់ និងស្លាកសញ្ញសំគាល់។ ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យក្រុមហ៊ុន ធ្វើការរៀបចំសេចក្តីព្រាងសម្រាប់ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុន សម្រាប់សហការធ្វើការឲ្យទទួលបានជោគជ័យ នាពេលអនាគត។