សិស្សានុសិស្សជិត៣០០នាក់ នៅសាលាបឋមសិក្សាស្រែអំពូម ទទួលសម្ភារៈសិក្សាជាលើកទី២ ពីសាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ក៏ដូចជាសិស្សជនជាតិដើមភាគតិច ដែលមានការខ្វះខាតសម្ភារៈសិក្សា នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ សាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកជំទាវ យាន ឌីណា ភរិយាឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្ត បាននាំយកសម្ភារៈសិក្សាផ្តល់ជូនដល់ក្មួយៗជាសិស្សានុសិស្សចំនួន២៨២នាក់ នៅសាលាបឋមសិក្សាស្រែអំពូម ស្ថិតនៅឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកជំទាវ យាន ឌីណា បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រុមការងាររបស់លោកស្រី បានចុះចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាស្រែអំពូមនាពេលនេះ។ លោកជំទាវ បន្ថែមថា សម្ភារៈដែលចែកជូននេះ គឺជាការរួមចំណែកពីសមាគមកាយឫទ្ធិនារីកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ហើយកុមារ គឺជាទំពាំងស្នងឫស្សី ទៅថ្ងៃអនាគត់ ក្នុងការចូលរួមអភិវឌ្ឍន៍ក្នុងខេត្ត ក៏ដូចជាប្រទេសជាតិមានការរីកចម្រើន។ លោកជំទាវ បានណែនាំដល់ក្មួយៗសិស្សានុសិស្ស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងឱបាយមុខផ្សេងៗ ហើយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
លោកជំទាវ យាន ឌីណា បានឱ្យដឹងទៀតថា សម្ភារៈដែលចែកជូនដល់ក្មួយៗសិស្សានុសិស្សនាពេលនោះ គឺចាប់ពីសិស្សមត្តេយ្យសិក្សា រហូតដល់សិស្សថ្នាក់ទី៦ សរុបចំនួន២៨២នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាបស្ពាយ១ និងថវិកា៥ពាន់រៀល ដោយឡែក អ្នកគ្រូចំនួន០៨នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺនរៀល។
លោកស្រី ឡៃ ចន្ទឡាលី នាយិកាសាលាបឋមសិក្សាស្រែអំពូម តំណាងឱ្យអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានសម្តែងនូវទឹកមុខសប្បាយរីករាយ និងថ្លែងអំណរគុណដល់លោកជំទាវ យាន ឌីណា ប្រធានសាខាសមាគមកាយឫទ្ធិនារីកម្ពុជាខេត្ត និងក្រុមការងារទាំងអស់ ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧមត្ថម្ភជាសម្ភារៈសិក្សា និងថវិកា ដល់សាលាមួយនេះ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់សិស្សានុសិស្សបានមួយផ្នែកផងដែរ៕