ទេសាភិបាលធនាគារជាតិនៃកម្ពុជាប្រាប់ក្រុមបេសកកម្ម IMFថា វិស័យធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យសេដ្ឋកិច្ចចម្បងៗនៅកម្ពុជា


ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ប្រាប់ដល់ក្រុមបេសកកម្ម មូលនិធិរូបិយ​វត្ថុ​អន្ដរជាតិ(IMF)ឱ្យដឹងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បានពង្រឹងការអភិវឌ្ឍប្រកបដោយ​ភាពរឹងមាំ និងស្ថិរភាព ហើយបានបន្ដផ្ដល់ឥណទានដល់វិស័យសេដ្ឋកិច្ចចម្បងៗជាច្រើន។

ការគូសបញ្ជាក់នេះ គឺបានធ្វើឡើងក្នុងជំនួបពិភាក្សា និងសម្ដែងការគួរសម ជាមួយ ក្រុមបេសកកម្ម មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដែលដឹកនាំដោយលោក Jarkko Turunen ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩ នៅធនាគារជាតិ នៃកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជម្រាបជូនក្រុមបេស កកម្មអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ និងទស្សនវិស័យសម្រាប់ឆ្នាំ២០១៩ ដោយ កាលពីឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានកំណើនខ្ពស់រឹង​មាំ​ប្រមាណ ៧.៣ភាគរយ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុល្អប្រសើរ។ អតិផរណា​មាន អត្រា២.៥ភាគរយ ហើយអត្រាប្ដូរប្រាក់បន្តមានស្ថិរភាពក្នុងអត្រា៤.០៥០រៀល ក្នុងមួយដុល្លារ អាម៉េរិក។

ចំពោះទុនបម្រុងអន្ដរជាតិកើនឡើងជាលំដាប់និងមានកម្រិតស្មើ៥ខែ នៃការនាំចូល ទំនិញនិងសេវានាឆ្នាំបន្ទាប់។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០១៩នេះ កំណើន​សេដ្ឋកិច្ច កម្ពុជារំពឹងថា នឹងបន្ដកើនឡើងក្នុងរង្វង់ ៧ភាគរយ ដែលគាំទ្រដោយកំណើន​ក្នុងវិស័យ​ចម្បងៗ នៃសេដ្ឋកិច្ចក្រោមកត្តាអំណោយផលពីស្ថិរភាពនយោបាយ ស្ថិរភាពម៉ា​ក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមទេសាភិបាល ក៏បានវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មរបស់ IMF និងការផ្ដល់ជំនួយបច្ចេកទេសដល់កម្ពុជា ជាពិសេសការផ្ដល់មកធនាគារជាតិនៃកម្ពុជា៕