លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺភ្នែកដែលបានវះកាត់រួច និងត្រៀមវះកាត់ព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង


នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺភ្នែកដែលបានវះកាត់រួច និងត្រៀមវះកាត់ព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។

លោកជំទាវ បានពាំនាំប្រសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។ ជាមួយគ្នានោះលោកជំទាវក៏បានថ្លែងអំណរគុណជូនដល់អង្គការមូលនិធិពុទ្ធសាសនាឆឺជី និងមន្ទីពេទ្យព្រះអង្គឌួងដែលបានសហការជាមួយសាមគមជួយពិនិត្យព្យាបាលអ្នកជំងឺក្រីក្រ ដែលសមាគមបញ្ជូនមកពីតាមបណ្តាខេត្ត និងសហគមផ្សេងៗនាពេលកន្លងមក។

សូមបញ្ជាក់ថា នៅដើមខែមីនាកន្លងទៅនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានសហការណ៍ជាមួយអង្គការមូលនិធិពុទ្ធសាសនាឆឺជី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតក្នុងមន្ទីរពេទ្យស្រុកព្រៃកប្បាស ខេត្តតាកែវ និងបានបញ្ជូនជំងឺដែលមានបញ្ហាភ្នែកចំនួន ១០១នាក់មកទទួលការព្យាបាលបន្ត ដែលក្នុងនោះអ្នកជំងឺភ្នែកចំនួន៤៧នាក់ត្រូវទទួលការវះកាត់ព្យាបាលដោយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។