ឯកឧត្តម ហង់ ជួនណារ៉ុន ថា ពាន​​រដ្ឋមន្ដ្រី​គឺ​ជា​ឱកាស​វាយ​តម្លៃ ​ថ្នាក់​ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ


ពានរង្វាន់ «ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា» លើកទី២ បានបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចមិញ គ្រាដែលឯកឧត្តមរដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានចាត់ទុកពាននេះ គឺជាឱកាសល្អក្នុងការវាយតម្លៃប្រព័ន្ធដឹកនាំរបស់អគ្គនាយកដ្ឋាន អគ្គធិការដ្ឋាន និងមន្ទីរក្នុងឱវាទរបស់ក្រសួង។

ឯកឧត្តម ហង់ ជួនណារ៉ុន បានថ្លែងក្នុងពិធីបើកនៅពហុកីឡដ្ឋានជាតិថា ដោយសារឆ្នាំនេះ មានក្រុមនាយកដ្ឋាន និងអង្គភាពក្រោមឱវាទរបស់ក្រសួងអប់រំជាច្រើនបានចូលរួមប្រកួតពាននេះ ដូច្នេះក្រសួងមានក្រុមគណៈកម្មការបច្ចេកទេសមួយ ដើម្បីធ្វើការវាយតម្លៃ។ ហេតុនេះក្រុមនីមួយៗត្រូវមានការប្រកួតប្រជែងដោយយកចិត្តទុកដាក់បំផុត ពិសេសគឺត្រូវពង្រឹងការដឹកនាំជាក្រុមតែម្ដង។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងថា «ក្រោយចប់ការប្រកួត យើងនឹងដឹងថា តើនាយកដ្ឋាននីមួយៗដឹកនាំយ៉ាងដូចម្ដេច? ព្រោះបាល់ទាត់គឺជាកីឡាជាក្រុម ដែលទាមទារឲ្យមានការដឹកនាំការងារជាក្រុមផងដែរ។ ដូច្នេះយើងនឹងឃើញជាក់ស្ដែង បន្ទាប់ពីការប្រកួតនីមួយៗ នាយកដ្ឋាន ឬអគ្គនាយកដ្ឋានណា និងក្រុមណាដែលដឹកនាំល្អ គឺថ្នាក់ដឹកនាំយកចិត្ដទុកដាក់ក្នុងការដឹកនាំកីឡាករ-កីឡាការិនី និងយកចិត្តទុកដាក់ជាមួយកូនចៅ»

ឯកឧត្តមបានបន្ដថា «យើងមិនបាច់ទៅវាយតម្លៃអីទេ គ្រាន់តែសង្កេតមើលថា តើក្រោយការប្រកួត កីឡាករមានទឹកសុទ្ធទទួលទានឬអត់ នឹងឃើញច្បាស់តែម្ដង។ នេះគឺជាវិធីសាស្ដ្រមួយទៀត ក្នុងការវាយតម្លៃការដឹកនាំ។ មួយទៀតក៏ត្រូវមានសាមគ្គីជាក្រុមផងដែរ ដូច្នេះខ្ញុំសូមស្នើឲ្យថ្នាក់ដឹកនាំក្រុមនីមួយៗ ត្រូវពង្រឹងការដឹកនាំរបស់ខ្លួន ព្រោះអាចនឹងមានការវាយតម្លៃ តាមរយៈគណៈកម្មការបច្ចេកទេស តាមរយៈការប្រកួតគ្រប់ប្រកួត»

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់រដ្ឋមន្ដ្រីក្រសួងអប់រំ លើកទី២ ឆ្នាំ២០១៩ នេះ គឺមានក្រុមចូលរួមសរុប ២១ក្រុម។ ចំណែកលទ្ធផលបើកឆាកការប្រកួតវិញ រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ បានយកឈ្នះក្រុមអគ្គនាយកដ្ឋានយុវជន ៥-៣ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តបៃលិន ៥-៣ ដូចគ្នា៕