សម្តេចតេជោ ហ៊ុន សែន ស្នើទៅឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្តល់ក្បាលម៉ាស៊ីនរថភ្លើង និងអភិវឌ្ឍន៍ផ្លូវដែក របស់កម្ពុជា


ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្នើទៅដល់ឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្ដល់ក្បាលម៉ាស៊ីនរថភ្លើង និងអភិវឌ្ឍន៍ផ្លូវដែក នៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើមិត្ដវៀតណាម សុំឯកអគ្គរដ្ឋទូតវៀតណាម សល់បំរុងចាស់ៗ ព្រោះផ្លូវរបស់យើងវាប៉ុនគ្នា សុំខ្លះមើល ថៃឲ្យខ្លះហើយ វៀតណាមឲ្យខ្លះមក ហើយឯកអគ្គរដ្ឋទូតចិន នៅឯណា ឯកឧត្ដម Wang Wentian សុំក្បាលរថភ្លើងខ្លះនឹង…មើលអាចាស់ៗ ស្រុករបស់លោកឯង សុំមើល ខ្ញុំត្រូវការពន្លឿនអាហ្នឹង ដឹកតាមរទះភ្លើង ដឹកតាមកាប៉ោលមក ខ្ញុំសុំខ្លះមក…ស្រែកសុំពីហ្នឹងតែម៉ង សុំទៅទីក្រុងបាំងកក សុំទៅហាណូយ សុំទៅបេកាំង ហើយបើសុំទៅតូក្យូទៀត ឯកឧត្ដមរដ្ឋទូតជប៉ុន សុំជួយបន្ដិចមើល ឲ្យអាផ្លូវខ្ញុំវារត់ វារត់ហើយ មិនមែនទុកនៅភ្នំពេញនោះទេ គឺរត់កាត់ពីកំពង់សោម ទៅដល់ប៉ោយបែត រត់ពីប៉ោយបែត ចុះទៅកំពង់សោម ហើយមួយថ្ងៃៗ ឲ្យវាមានទៅមានមកៗ»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «សិក្សាប្រព័ន្ធឃ្លាំង តាមផ្លូវដែករបស់យើង ដើម្បីឲ្យវាមានឃ្លាំងស្ដុបទៅតាមនឹង រួចហើយមកដល់ យើងលើកដាក់រថភ្លើងរបស់យើង ហើយយើងធ្វើដំណើរតទៅទៀត ព្រោះថា ជាធម្មតាទូគេពង្រាយ ទៅតាមកន្លែងអស់ទាំងនេះ ដល់វាមិនចាំបាច់រងចាំនោះទេ វាទាញយកទៅតែម្ដង»

ក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរនូវវីរភាព របស់សម្តេចព្រះបមរតនកោដ នាទសវត្សរ៍៨០ និងដើមទសវត្ស៍៩០ ដែលមានដំណើរការរថភ្លើងយ៉ាងល្អ បើទោះបីសម័យនោះមិនទាន់ មានសន្តិភាពពេលលេញក៏ដោយ ប៉ុន្តែកម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញហើយ តែផ្លូវរថភ្លើងមិនទាន់ដំណើរការល្អទៀត ដូច្នេះទាមទារឲ្យមានការ កែសម្រួលថ្មី៕