កម្ពុជាពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀង TPP បើប្រទេសសមាជិកអាស៊ានឯកភាពចូលរួមទាំងអស់គ្នា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កម្ពុជាកំពុងសិក្សា និងពិចារណាចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្មអន្តរទ្វីប (Trans-Pacific Partnership-TPP) ប្រសិនបើសមាជិកអាស៊ានទាំងអស់ឯកភាពចូលរួមទាំងអស់គ្នា។

ការលើកឡើងយ៉ាងដូច្នេះរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «TPP នេះ ត្រូវបានជាប់គាំដោយសហរដ្ឋអាមេរិកដកខ្លួនចេញ បន្ទាប់ពីដូណាល់ត្រាំ ចាកចេញ ក៏ប៉ុន្តែវាបានបន្តក្នុងដំណើរមួយ។ កម្ពុជា កាលមុននេះមានការថ្នាំងថ្នាក់ ដោយគេទាញតែអាស៊ានប៉ុន្មានប្រទេសចូលរួម ប៉ុន្តែឥឡូវនេះកម្ពុជា និងដៃគូដទៃទៀត ក៏ហាក់ដូចជាមានគោលជំហររួមគ្នាមួយថាយើងនឹងចូលរួម នៅពេលអាស៊ានចូលរួមទាំងអស់តែម្តង ដើម្បីកុំឲ្យមានការបែងចែក»

សម្តេចតេជោបានថ្លែងទផតថា កម្ពុជាមិនត្រូវរស់ដោយពឹងតែលើទីផ្សារធំៗពីរ ឬបី នោះទេ។ ទោះបីនាពេលកន្លងមក ការធ្វើពិពិធកម្មទីផ្សារលក់ទំនិញមានវឌ្ឍនភាពល្អ ដោយកម្ពុជាចាប់ផ្តើមនាំចេញទៅទីផ្សាថ្មីៗ ក្រៅពីសហរដ្ឋអាមេរិក និង អឺរ៉ុប កិច្ចការធ្វើពិពិធកម្មទីផ្សារ នៅមានលទ្ធភាពជរុញច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន សូមស្នើឱ្យក្រសួងពាណិជ្ជកម្ម ខិតខំជំរុញនូវការងារចរចាកិច្ចព្រមព្រៀង សេរីពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទសកាណាដា, អង់គ្លេស, ចិន, ជប៉ុន, កូរ៉េ និងបញ្ហាប្រទេសមួយចំនួននៅទីបអាហ្វ្រិក។ សម្រាប់កិច្ចព្រមព្រៀងពហុភាគី កម្ពុជាត្រូវតែបន្តជំរុញការចរចា RCEP និងសហភាពអឺរ៉ាស៊ី ឱ្យបានលឿន។ ចំពោះកិច្ចព្រមព្រៀង TPP, កម្ពុជាក៏អាចសិក្សា និងពិចារណាចូលរួមដែរ ប្រសិនបើប្រទេសអាស៊ានឯទៀត ដែលមិនទាន់បានចូលរួម ក្នុងកិច្ចព្រមព្រៀងនេះ ឯកភាពលើជំហររៀបចំចូលរួមទាំងអស់គ្នា។

ការទាក់ទាញការវិនិយោគពីប្រទេសចិន, ជប៉ុន, កូរ៉េ, ថៃ និង វៀតណាម គឺជាការងារសំខាន់ និងចាំបាច់ ដោយសារប្រទេសទាំងបួននេះ មានមូលដ្ឋានឧស្សាហកម្មធំ ។ ចំណុចខ្លាំងសម្រាប់ប្រភពវិនិយោគពីចិន, ជប៉ុន, កូរ៉េ គឺពួកគេមានមូលដ្ឋានផលិតកម្មច្រើន នៅក្នុងតំបន់អាស៊ាន រួមមាន នៅថៃ,ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និង វៀតណាម ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដឹកនាំសិក្សារៀបចំដាក់ចេញនូវយន្តការពិសេស ដើម្បីទាក់ទាញការវិនិយោគ តាមរយៈជាអាទិ៍៖ (១)៖ ការរៀបចំតំបន់សេដ្ឋកិចពិសេស នៅតាមជាយដែន, (២)៖ ការតភ្ជាប់បណ្តាញអគ្គិសនី និង ការរៀបចំលក់អគ្គិសនី តាមថៃទាបជាងធម្មតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ, (៣)៖ ការកំណតនូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញ នូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ, (៤)៖ ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និង សម្រួលផ្នែកឡូជីស្លឹកនៅតាមជាយដែន ឬ តំបន់សេដ្ឋកិច្ចពិសេស។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងដែលបង្កើតឡើង ដោយអតីតប្រធាននាធិបតីអាមេរិក លោក បារ៉ា អូបាម៉ា ដើម្បីគាំពារផ្នែកពាណិជ្ជកម្ម លើប្រទេសជាសមាជិក ដោយផ្ដល់ការអនុគ្រោះពន្ធនាំចូល។ កិច្ចព្រមព្រៀង TPP មានសមាជិកចំនួន១២ប្រទេស រួមមាន អូស្រ្ដាលី ព្រុយណេ កាណាដា ឈីលី អាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ីកូ ណូវែលសេឡង់ ប៉េរ៉ូ សិង្ហបុរី និងវៀតណាម៕