ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង ប្រជុំត្រៀមរៀបចំកម្មវិធីផ្សេងៗ ដើម្បីចូលរួមជាមួយបងប្អូន​ចំណាកស្រុក អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី


(ព្រៃវែង)៖ នៅព្រឹកថ្ងៃស្រុក ទី២៩ ខែមីនា ឆ្នាំ​២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ខេត្ត​ព្រៃវែង ក្រុមការងារចំណាកស្រុកខេត្តព្រៃវែង បាន​បើក​​​កិច្ចប្រជុំដើម្បីត្រៀម​​​រៀបចំកម្មវិធីសំណេះសំណាល​សាក​សួរសុខទុក្ខ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗ ជាមួយ​បងប្អូន​កម្មករ ពលករចំណាក​ស្រុក​ ​​​​ចូលរួម​អបអរសាទរពិធី​បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ សំរិទ្ធិ​​​ស័ក ព.ស.២៥៦២ ដែលនឹងចូលមកដល់នៅថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

​សូមបញ្ជាក់ថា ចាប់តាំងពីពេលបង្កើតនៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន ក្រុមការងារកម្មករ ពលករ​ចំណាក​​ស្រុក ខេត្តព្រៃវែង​ ដោយមានការដឹកនាំជាប្រចាំរបស់ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​​​​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង តែងតែបាន​ខិត​ខំ​​យក​ចិត្តទុកដាក់​​​រៀប​ចំ​​​​ឲ្យមានកម្មវិធីជួបសំណេះ​សំណាល​សាកសួរសុខ​ទុក្ខ ​ជាមួយបងប្អូនកម្មករ ពលករ​ចំណាក​ស្រុក ពេលបងប្អូនមានឱកាសឈប់​សំរាកពីការងារវិល​ត្រឡប់មក​ជួប​ជុំ​ក្រុម​ញាតិ​គ្រួសារនៅស្រុកកំណើតវិញ ក្នុងពិធីបុណ្យផ្សេងៗ មានជា​អាទិ៍ បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​​ជាតិ ​បុណ្យ​​​​​​ភ្ជុំ​បិណ្ឌ និង​បុណ្យ​​​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ ។ល។​ បានចំនួន​ប្រមាណជិត​ ៣០០,០០០ដង/នាក់ លើចំនួន​ចំណាកស្រុក​ប៉ាន់​ស្មាន​សរុបប្រមាណ ៣៥០,០០០​នាក់ នៅតាមស្រុក ក្រុងទាំងអស់ក្នុងខេត្ត​ព្រៃវែង។

ការ​ជួបសំណេះសំណាល​​សាកសួរសុខទុក្ខខាងលើនេះ​ ពិតជាបាន​រួម​ចំណែក​យ៉ាង​សកម្ម​គាំទ្រ​ដល់​យុទ្ធនាការ​​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ចុះ​ជួបសំណេះ​សំណាល​​​ដោយ​​​ផ្ទាល់​ជាមួយ​បងប្អូនកម្មករ ពលករ រាប់សែន​នាក់​ដែល​​កំពុង​បម្រើ​ការងារ​​នៅតាម​រោងចក្រ សហគ្រាស និងកន្លែង​អាជីវកម្ម​ផ្សេងៗ​​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​​ខេត្ត។

​ជារួមចលនាសកម្មភាពផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយកម្មករ ពលករចំណាកស្រុក គឺបានរួមចំណែក​យ៉ាង​​សំខាន់ដល់ការពង្រឹងជំនឿនិងការគាំទ្ររបស់បងប្អូនចំពោះគណបក្សប្រជាជនកម្ពុជា ស្តែងឡើងតា​ម​រយៈ​លទ្ធផលដ៏ត្រចះត្រចង់នៃការ​បោះឆ្នោត​ជ្រើស​​តាំង​​តំណាងរាស្រ្ត​ នីតិកាល​ទី​៦ កន្លងទៅនេះ៕