សម្តេចតេជោ ហ៊ុន សែន៖ ជាង៣៤ឆ្នាំមកនេះ រាជរដ្ឋាភិបាលមិនដែលយកប្រាក់ជំនួយ ឬប្រាក់កម្ចីពីបរទេសបើកប្រាក់ខែឲ្យមន្ត្រីរាជការទេ, ឥឡូវនេះកម្ពុជាមានលទ្ធភាពដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងបើក២សប្តាហ៍ម្តង


ស្របពេលដែលចំណូលទទួលបានពីការប្រមូលពន្ធ មានការកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីមួយលើកទៅមួយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសផ្តាំទៅក្រុមអ្នកប្រឆាំងឲ្យអង្គុយរង់ចាំមើលពី ការដួលរលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចទៅ ហើយសម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិន ត្រឹមតែមានលទ្ធភាព ដំឡើងប្រាក់ខែជូនមន្ត្រីរាជការនោះទេ តែក៏មានលទ្ធភាពឲ្យមន្ត្រីរាជការ បើកពីរសប្តាហ៍ម្តងផងដែរ។

ការប្រកាសរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីនិស្សិតនៃវិទ្យាស្ថាននេះ បានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨។

សម្តេចតេជោ ហ៊ុន សែន បានអះអាងបន្ថែមថា ការគ្រប់គ្រងសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់សម្តេចជាង ៣៤ឆ្នាំមកហើយនោះ រាជរដ្ឋាភិបាលកម្ពុជាមិនដែល យកប្រាក់ជំនួយបរទេស ឬប្រាក់កម្ចីពីបរទេសទៅបើកប្រាក់ខែឲ្យមន្ត្រីរាជការទេ។ ហើយក៏គ្មានប្រទេសណាមានចិត្តធម៌រហូតឲ្យជំនួយមកកម្ពុជា យកចំណាយទៅលើការបើកប្រាក់ខែដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា បើសរុបពីដើមឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែមីនា ចំណូលពន្ធផ្ទៃក្នុងប្រមូលបានរហូតដល់ ៨៣៤លានលានដុល្លារ អាមេរិក ហើយចំពោះចំណូលពន្ធគយវិញប្រមូលបានរហូតដល់ ៧១១លានដុល្លារអាមេរិក ដែលបូកសរុបទៅមានចំនួនជាង ១,៥០០លានដុល្លារអាមេរិកឯណោះ។ បើតាមប្រសាសន៍សម្តេច កំណើនចំណូលដែលបានពីការប្រមូលពន្ធនេះ មិនទាន់គិតទាំងចំណូលសារពើពន្ធផង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងហ្អែងចាំបន់ឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលដោយសារអត់លុយចាយ ហ្អែងរង់ចាំមើលទៅ។ ហ្អែងរង់ចាំមើលទៅថា រដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពបង្កើនបៀវត្សទេ មានទាំងលទ្ធភាពបើកផ្តល់ឲ្យមន្ត្រីរាជការរបស់យើង ២សប្តាហ៍ម្តង ហើយនិងវិនិយោគរាប់រយលានដុល្លារទៅក្នុងការវិនិយោគខ្លួនឯង ជាវិនិយោគធ្វើផ្លូវ ជាវិនិយោគធ្វើស្ពាន វិនិយោគធ្វើប្រឡាយទឹក ជាវិនិយោគធ្វើសាលារៀន ជាវិនិយោគធ្វើមន្ទីពេទ្យ ជាវិនិយោគថវិកាបដិភាគនៃគម្រោង ដែលជាជំនួយបរទេសតាមរយៈជំនួយឥតសំណង ឬក៏ជាជំនួយកម្ចីសម្បទាន»

សម្តេចរំលឹកថា គ្រាន់តែដើមឆ្នាំ២០១៩នេះ កម្ពុជាបានប្រើប្រាស់ថវិកាអស់ជិត ១០០លានដុល្លារអាមេរិកផងដែរ ទៅលើការធ្វើបដិភាគគម្រោងអភិវឌ្ឍន៍នានា។ សម្តេចបន្តថា គម្រោងអភិវឌ្ឍន៍នីមួយៗ សុទ្ធតែប៉ះពាល់ទៅលើប្រយោជន៍ប្រជាពលរដ្ឋ តែរាជរដ្ឋាភិបាលនៅតែមានប្រាក់សំណង ទៅលើពួកគាត់យ៉ាងសមរម្យ និងមិនឲ្យខ្វះខាតឡើយ៕