កិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ លើកចុងក្រោយ លើផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វក់ក្រុងសៀមរាប ខេត្តសៀមរាប


កាលពីថ្ងៃសុក្រ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាបមានការរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់លើកចុងក្រោយលើ “ផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វក់ក្រុងសៀមរាប ខេត្តសៀមរាប” ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកសាធារណការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋាបាលក្រុង/សង្កាត់ ធនាគារពិភពលោក អង្គការកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងសម្រាប់ទ្វីបអាស៊ី (CIDA) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Suez សរុប ៣០នាក់។

កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ ហើយក៏ជាកិច្ចប្រជុំចុងក្រោយនៃការសិក្សាផែនការអភិវឌ្ឍន៍បណ្តាញលូប្រមូលទឹកកខ្វក់ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសិក្សាដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Suez ក្រោមការផ្តល់ហិរញ្ញប្បទានពីអង្គការកិច្ចផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងសម្រាប់ទ្វីបអាស៊ី (CIDA) ដោយទទួលបានការសហការយ៉ាងជិតស្និតពីនាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ប្រើរយៈសិក្សា និងរៀបចំឯកសារដេញថ្លៃ និងសិក្សាប្លង់លម្អិតប្រមាណ ៩ខែ។

សូមបញ្ជាក់ជូនផងដែរថា គម្រោងនេះបានទទួលនូវការឯកភាពផ្តល់ជាកម្ចីពីក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ក្រោមគម្រោងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សរុបចំនួន ៥៧,៥ លានដុល្លាអាមេរិច កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២១០៩ បន្ទាប់ពីចរចារដោយជោគជ័យកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្នុងនោះថវិកាចំនួន ២,៥ លានដុល្លាអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនោះចែកចេញជាពីរសមាសភាគ ដោយសមាសភាគទី១ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត អនុវត្តន៍ដោយ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសមាសភាគទី២ ពាក់ព័ន្ធនឹងវិស័យអនាម័យ អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងទំហំទឹកប្រាក់ប្រមាណ ២៥,៥ លានដុល្លាអាមេរិច ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ សម្រាប់ការចំណាយលើការសាងសង់បណ្តាញលូខ្នែង និងខ្នែងរងក្នុងតំបន់ខាងលិច និងខាងកើតក្រុងសៀមរាប ការកែលម្អស្ថានីយបូមដែលមានស្រាប់ទាំងបីទីតាំង ការកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការកសាងសមត្ថភាពមន្ត្រី ការរៀបចំផែនការតភ្ជាប់បណ្តាញលូ និងការងារពាក់ព័ន្ធមួយចំនួន។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំធ្វើយ៉ាងណាពង្រីកសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីពង្រីកតំបន់សេវាឱ្យបានកាន់តែធំ ជាពិសេសពង្រីកបណ្តាញលូទឹកកខ្វក់ ចំនួននៃការតភ្ជាប់ ការផ្តល់សេវាប្រកបដោយទំនួលខុសត្រូវ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ឱ្យបានទូទាំងក្រុងសៀមរាប ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត សុខភាពអនាម័យសាធារណៈល្អប្រសើរ លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ (Sustainable Development Goal 6) ធានានូវការទទួលបាន និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។