ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រជាមួយវិទ្យាស្ថានសាគរទី១ (First Institute of Oceanography -FIO)


ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និសីទនៃវេទិកាប័រអាវសម្រាប់អាស៊ីឆ្នាំ២០១៩ នៅថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ តាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង ហុង (H.E. Dr. Wang Hong) អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងសហការីបានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់វិទ្យាស្ថានសាគរទី១ (First Institute of Oceanography -FIO) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែម ក្រោមវិសាលភាពអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យ សមុទ្រ (MOU on Marine Cooperation) រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាល សាគរ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ កន្លងទៅ។
ថ្លែងនៅក្នុងឱកាសនៃកិច្ចពិភាក្សា លោកសាស្ត្រាចារ្យបណ្ឌិត Tiegang Li អគ្គនាយកវិទ្យាស្ថានសាគរទី១ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១២ វិទ្យាសា្ថនមាកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយ ក្រសួងបរិស្ថានកម្ពុជា តាមរយៈអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិងវិទ្យាសាស្ត្រសមុទ្រ (MOU on Marine Science and Technology)។ លោកបានសម្តែងការអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ និងអភិរក្សសមុទ្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ដែលជាលទ្ធផល អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសមុទ្រនេះ ត្រូវបានចុះហត្ថលេខា។
ឯកឧត្តម អ៊ាង សុផល្លែតបានធ្វើការកត់សម្គាល់នូវលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ជាពិសេសលើការចាប់ផ្តើមនូវគម្រោងស្តីពីការសិក្សាស្រាវជ្រាវរួមគ្នាតាមនាវា (Joint Cruise Research) ដែលបានអនុវត្តពីខែធ្នូ ឆ្នាំ២០១៦ កន្លងមក នៅក្នុងដែនសមុទ្រកម្ពុជា និងការសិក្សាកំណត់នូវទីតាំងដែលមានសក្តានុពលសម្រាប់សាងសង់ស្ថានីយ៍តាមដាន និងស្រាវជ្រាវបរិស្ថានសមុទ្រផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានស្នើវិទ្យសា្ថនសាគរទី១ ពិចារណាបន្ថែមលើកិច្ចសហការកសាងនិងអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជាលើផ្នែកស្រាវជ្រាវសមុទ្រ ដោយសូមឱ្យមានការផ្តល់នូវអាហារូបករណ៏ និងវគ្គបណ្តុះបណ្តាលការងារជាក់ស្តែងដល់មន្ត្រីជំនាញបច្ចេកទេសកម្ពុជា។
ក្រោយពីបានពិនិត្យវឌ្ឍនភាព និងផ្លាស់ប្តូរយោបល់លើការងារ នៃកិច្ចសហប្រតិបត្តិការកន្លងមក ភាគីទាំង២ បានកំណត់នូវអាទិភាពការងារបន្ត ដោយសម្រេចនឹងធ្វើការស្នើសុំកិច្ចសហប្រតិបត្តិការលើគម្រោង៖ (ទី១). ការសិក្សាស្រាវជ្រាវតាមនាវារួមគ្នា (Joint Cruise Research) ជំហ៊ានទី២ (ទី២). ការបង្កើតនូវស្ថានីយ៍តាមដាននិងស្រាវជ្រាវបរិស្ថានសមុទ្រ និង (ទី៣). ការសិក្សាពីស្ថានភាពបរិស្ថានសមុទ្រកម្ពុជា។
ក្នុងគោលបំណងជំរុញការងារនេះ ឯកឧត្តមរដ្ឋលេខាធិការបានជម្រាបជូនសាស្ត្រាចារ្យបណ្ឌិត Tiegang Li អគ្គនាយកវិទ្យាស្ថានសាគរទី១ អំពីកិច្ចប្រជុំរវាងក្រសួងធនធានធម្មជាតិ (ចិន) ជាមួយក្រសួងបរិស្ថាន (កម្ពុជា) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីពិភាក្សាលើការបន្តកិច្ចសហប្រតិបត្តិការវិស័យសមុទ្រ។ ឯកឧត្តមរដ្ឋលេខាធិការបានស្នើសុំឱ្យវិទ្យាស្ថានសាគរទី១ (ក្រសួងធនធានធម្មជាតិ -ចិន) និងនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ (ក្រសួងបរិស្ថាន -កម្ពុជា) សហការរៀបចំបញ្ចប់នូវឯកសារបច្ចេកទេសនានាឱ្យបានទាន់ពេលវេលា ដើម្បីដាក់ជូនអង្គប្រជុំពិនិត្យ និងមានវិធានការបន្ត។
បន្ទាប់ពីកិច្ចពិភាក្សា ឯកឧត្តមរដ្ឋលេខាធិការ និងសហការីបានអញ្ជើញទស្សនាស្ថានីយ៍វិភាគ និងរក្សាសំណាកសមុទ្រ (China Ocean Sample Repository) ដើម្បីស្វែងយល់អំពីការសិក្សាស្រាវជ្រាវ វិភាគ ថែរក្សា និងទុកដាក់សំណាកគ្រប់ប្រភេទ ដែលប្រមូលតាមបណ្តាសមុទ្រនានាទូទាំងសាកលលោក។