ឯកឧត្តមបណ្ឌិត ពេជ សោភ័ន អញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧


(ខេត្តព្រះវិហារ)៖ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារតាមតំបន់ព្រំដែនខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាកសាងសាលប្រជុំ និងអញ្ជើញសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាពិសេសពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូនក្មួយៗនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍លើកឡើងថា ពិធីសំណេះសំណាលរបស់យើងនាពេលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ ដែលកំពុងតែមានការរីកចម្រើន សុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សមេ្តចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។

នាឱកាសនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន៖
ក- ឧបត្ថម្ភតំណាងកងពលធំអន្តរាគមន៍លេខ៣ ៖ ថវិកា ១ លានរៀល
ខ- ឧបត្ថម្ភកងពលតូចអន្តរាគមន៍លេខ ៧៖
១-មេបញ្ជាការកងពល ១នាក់៖ ថវិកា ១លានរៀល
២-មេបញ្ជាការរងកងពល ១៧នាក់៖ ម្នាក់ៗ ថវិកា ២០ម៉ឺនរៀល
៣-នាយរងសេនាធិការកងពល ១០នាក់ ៖ ម្នាក់ៗថវិកា ២០ម៉ឺនរៀល
៤-មេបញ្ជាការវរសេនាតូច ៤នាក់ ៖ ម្នាក់ៗ ថវិកា​ ៤០ម៉ឺនរៀល
៥-មេបញ្ជាការរងវរសេនាតូច១៥នាក់ ៖ ម្នាក់ៗ ថវិកា​ ២០ម៉ឺនរៀល
៦-កងកិត្តិយស៖ ថវិកា ១លានរៀល
៧-យុទ្ធជនសរុប ចំនួន១៦០០នាក់៖ ម្នាក់ៗ ថវិកា ១ម៉ឺនរៀល និងឃីតមួយកញ្ចប់ (អំបិល ប៊ីចេង និងឆៃប៉ូវផ្អែម)
៨-ត្រាក់ទ័រ ៖ ១ គ្រឿង
៩-ប្រេងឥន្ទៈ ៖ ២ ពាន់លីត្រ
១០-សង្កសី ៖ ២ ពាន់សន្លឹក
១១-ទឹកបរិសុទ្ធ ៖ ៣៤០ កេស
១២-ទឹកក្រូច ទឹកផ្លែឈើ ៖ ១៤០ កេស
១៣-ស្រាបៀរ ៖ ១០០ កេស
១៤-ទឹកត្រី ទឹកស៊ីអ៊ីវ ៖ ២០០ កេស
១៥-មី ៖ ៨៣០ កេស
១៦-ត្រីខ ៖ ៣០ កេស
១៧-នំកញ្ចប់ ៖ ១៤ កេស
១៨-បារី ៖ ២០០ សុង