ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់ឱ្យដំណើរការឡើងវិញស្ពានជ្រោយចង្វារទី១ ក្រោយជួសជុលរួចរាល់


(ភ្នំពេញ)៖ ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញកាត់ខ្សែបូរួមគ្នាដាក់ឱ្យដំណើរការឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអររួចរាល់។

ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដើរតួនាទីដ៏សំខាន់ក្នុងការតភ្ជាប់រាជធានីភ្នំពេញឆ្លងកាត់លើទន្លេសាប ដែលត្រូវបានសាងសង់ និងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ តាមរយៈជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពាននេះមានប្រវែង ៩៧១ម៉ែត្រ ទទឹង ១៣ម៉ែត្រ។

ស្ពានជ្រោយចង្វារទី១ ដែលបម្រើជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការធ្វើដំណើរឆ្លងកាត់ទន្លេសាប ត្រូវបានកាត់ផ្តាច់ក្នុងអំឡុងឆ្នាំ១៩៧២ ពេលប្រទេសកម្ពុជាជួបភ្លើងសង្គ្រាម។ អំឡុងនៃពេលដាច់នោះនាំឱ្យប្រជាពលរដ្ឋជួបការលំបាកជាខ្លាំងក្នុងការធ្វើដំណើរដោយត្រូវជិះទូក ជិះកាណូតឆ្លងកាត់ទន្លេដ៏ធំមួយនេះ។

រហូតដល់ឆ្នាំ១៩៩២ ក្នុងពេលប្រទេសកម្ពុជាស្ថិតក្នុងដំណាក់កាលស្វះស្វែងរកសុខសន្តិភាព រកការរួបរួមគ្នារវាងខ្មែរ និងខ្មែរពីគ្រប់ភាគីជម្លោះនោះ ស្ពានជ្រោយចង្វារទី១ ក៏ត្រូវបានជួសជុល និងតភ្ជាប់ឡើងវិញដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្ដម សីហនុ។

លុះដល់ចុងឆ្នាំ២០១៧ ដោយសារតែស្ពាននេះមានអាយុកាលកាន់តែច្រើន ហើយស្របពេលកំណើនសេដ្ឋកិច្ច និងលំហូរចរាចរណ៍កើនឡើងជាលំដាប់នោះ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់។ តាមការគ្រោងទុកស្ពាននេះនឹងត្រូវបញ្ចប់ការជួសជុលនៅកំឡុងចុងឆ្នាំ២០១៩។

ដោយសារការប្រឹងប្រែងរបស់ការងារជួសជុលទាំងភាគីជប៉ុន និងកម្ពុជា ដោយធ្វើការទាំងថ្ងៃ ទាំងយប់នោះ ក៏ធ្វើឱ្យការជួសជុលមុនកាលកំណត់ និងជ្រើសយកថ្ងៃទី០៣ ខែមេសា ដាក់ឱ្យដំណើរការឡើងវិញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការជួសជុលស្ពាននេះ បានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការជួសជុលស្ពាននេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីក្រុមវិស្វករជួសជុលរបស់ជប៉ុន និងកម្ពុជា។

មន្ត្រីជំនាញរបស់ជប៉ុន បានអះអាងថា ក្រោយពីការជួសជុលរួចរាល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុននេះ អាចប្រើបានរយៈពេល ៥០ឆ្នាំទៅមុខបន្ថែមទៀត។

ដើម្បីបញ្ជ្រៀបការយល់ដឹងលើការប្រើប្រាស់ផ្លូវដល់ប្រជាពលរដ្ឋខ្មែរនោះ នៅលើស្ពានជ្រោយចង្វារដែលទើបជួសជុលរួចរាល់នេះ ក៏មានគូររូបម៉ូតូសម្រាប់ផ្លូវម៉ូតូ និងគូររូបមនុស្សដើរលើគន្លងផ្លូវថ្មើរជើងផងដែរ។ ក្រៅពីនោះក៏មានការអញ្ជើញសិស្សានុសិស្សទៅទស្សនកិច្ចនៅលើស្ពាន និងអប់រំពួកគេពីការប្រើប្រាស់ផ្លូវនៅលើស្ពាននោះផងដែរ។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការប្រារព្ធពិធីដាក់ឱ្យដំណើរការឡើងវិញនូវស្ពានមិត្តភាពកម្ពុជា-ជប៉ុននៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចរៀបចំបញ្ចៀសចរាចរណ៍ក្នុងកំលុងពេលកាត់ខ្សែបូដាក់ឱ្យដំណើរការស្ពាននោះផងដែរ៕