គណៈប្រតិភូសភាជាតិនៃកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសហភាលើកទី១៤០ នៅទីក្រុងដូហារ រដ្ឋកាតា


(ភ្នំពេញ)៖ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា ត្រូវអញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិនៃកម្ពុជា ទៅចូលរួមមហាសន្និបាតសហភាពអន្តរសហភាលើកទី១៤០ នៃទីក្រុងដូហារ រដ្ឋកាតា រយៈពេល០៩ថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ ១១ ខែមេសា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសព័ត៌មាន មហាសន្និបាតនោះ គឺជាព្រឹត្តិការណ៍ធំមួយប្រចាំឆ្នាំរបស់អង្គការសភាពិភពលោកមួយ ដែលមានអ្នកចូលរួម១៦០០នាក់ ក្នុងនោះប្រធានសភាចំនួន៨០នាក់ អនុប្រធានសភាមានចំនួន៤០នាក់ និងសមាជិកសភាចំនួនជាង៨០០នាក់។

ក្នុងអំឡុងពេលចូលរួមមហាសន្និបាតនោះ ប្រធានគណៈប្រតិភូរបស់កម្ពុជា នឹងឡើងថ្លែងសុន្ទរកថា ស្តីពី សភាជាវេទិការលើកកម្ពស់ការអប់រំ ដើម្បីសន្តិភាព សន្តិសុខ និងនីតិរដ្ឋ នៅក្នុងកិច្ចពិភាក្សាទូទៅនៃអង្គមហាសន្និបាត។

គណៈប្រតិភូសភាជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំអាស៊ានបូក៣ ក្រុមសម្របសម្រួលសភាតំបន់អាស៊ីន ក្រុមភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក វេទិកាសមាជិកសភាជាស្ត្រី វេទិកាសមាជិកសភាវ័យក្មេង ក្រុមប្រឹក្សាភិបាលសហភាពអន្តរសភា គណៈកម្មាធិការអចិន្ត្រៃយ៍នានា និងសមាគមអគ្គលេខាធិការសភាពិភពលោក។

ក្រៅពីនេះ គណៈប្រតិភូក៏នឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ក្រុម និងយន្តការនានារបស់សហភាពអន្តរសភា ព្រមទាំងកិច្ចប្រជុំក្រៅផ្លូវការជាមួយគណៈប្រតិភូសភាជាតិនៃបណ្តាប្រទេសជាមិត្តនានាផងដែរ៕