ក្រុមហ៊ុនយក្សមួយនៅប្រទេសបារាំងឈ្មោះ CONFORAMA បានចុះអនុស្សារណៈយោគយល់គ្នាជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅព្រះរាជាណាចក្រកម្ពុជា


ក្រុមហ៊ុន CONFORAMA មកពីប្រទេសបារាំងបានចុះអនុស្សារណៈយោគយល់គ្នាជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE របស់លោកស្រី សុង ធីតានៅសណ្ឋាគារផ្កាយប្រាំ RAFFLES LE ROYAL នៅទីក្រុងភ្នំពេញនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និង លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ជាគណៈអធិបតី និងភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ ពីក្រសួង និង ស្ថាប័ននានាចំណុះរាជរដ្ឋាភិបាល និងខាងវិស័យឯកជន មានអ្នកឧកញ៉ា លោកឧកញ៉ា សមាសភាពសរុបទាំងអស់ជិតមួយរយនាក់។

លោកស្រី សុង ធីតា ដែលជាប្រធានក្រុមហ៊ុន LINDA GOLD CRUCIBLE និងជាភាគីហត្ថលេខីនៅកម្ពុជា បានមានប្រសាសន៍ថា លោកស្រីមានមោទនភាពខ្លាំងណាស់ក្នុងការចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខ ជាមួយក្រុមហ៊ុន CONFORAMA ពីព្រោះគឺជាក្រុមហ៊ុនយក្សមួយដែលជាប់ចំណាត់ថ្នាក់លេខ១នៅប្រទេសបារាំង និង ចំណាត់ថ្នាក់លេខ២នៅអឺរ៉ុប។ គឺមិនមែនជាការចៃដន្យទេដែលក្រុមហ៊ុនយក្សមួយនេះមកកម្ពុជា នេះជាផ្លែផ្កានៃការខំប្រឹងប្រែងអស់រយៈពេលជាង២ឆ្នាំ ដែលយើងខ្ញុំមានទំនាក់ទំនងផ្ទាល់ជាមួយថ្នាក់ដឹកនាំ CONFORAMA នៅទីក្រុងប៉ារីស ដោយបានធ្វើការសិក្សាទីផ្សារយ៉ាងល្អិតល្អន់អស់រយៈពេលរាប់ខែនៅកម្ពុជាដោយមានអ្នកជំនាញមកពីក្រុមហ៊ុន CONFORAMA។ នាងខ្ញុំក៏សូមបញ្ជាក់ដែរថា លទ្ធផលទាំងនេះក៏អាស្រ័យជាបឋមដោយក្រុមការងារយុវជននៅទ្វីបអឺរ៉ុបដឹកនាំដោយ ឯកឧត្តម ហួត ហាក់ តាមការចង្អុលទិស និង ការណែនាំជាប្រចាំពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងប្រឹងប្រែងគៀងគរក្រុមហ៊ុនឬវិនិយោគិនពីក្រៅប្រទេស ដោយឡែកពីទ្វីបអឺរ៉ុប ឬ ពីប្រទេសបារាំងឲ្យមកវិនិយោគនៅប្រទេសកម្ពុជាយើងនេះ ដែលនាងខ្ញុំសង្ឃឹមថានឹងមានក្រុមហ៊ុនផ្សេងៗទៀតពីខាងក្រៅប្រទេសឬអឺរ៉ុបអាចយកគម្រូតាមក្រុមហ៊ុន CONFORAMA ។
កត្តាមួយទៀតដែលសំខាន់គឺអាស្រ័យដោយសន្តិភាពនិងស្ថិរភាពនយោបាយនៅប្រទេសកម្ពុជាយើង គួបផ្សំនឹងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំជាង៧ភាគរយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជម្រុញឲ្យដៃគូរបស់ខ្ញុំ គឺក្រុមហ៊ុន CONFORAMA ធ្វើការសម្រេចចិត្តមកចាប់ដៃគូពាណិជ្ជកម្មផ្តាច់មុខជាមួយក្រុមហ៊ុន LINDA GOLD CRUCIBLE នៅកម្ពុជានេះ។

លោក STANISLAS CONSEILLER ដែលជាភាគីហត្ថលេខីមកខាងទៀត តំណាងក្រុមហ៊ុន CONFORAMA ជួសមុខប្រធានអគ្គនាយកក្រុមហ៊ុនគឹ លោក Alexandre Nodale បានមានប្រសាសន៍ថា​ ក្រុមហ៊ុន CONFORAMA មានប្រាក់ចំណូល៣៥០០លានអឺរ៉ូក្នុង១ឆ្នាំ មានសហការីបម្រើការងារជាង១៤០០០នាក់ នៅតាមចំនួន ៣៣៧ហាងដែលនៅតាមបណ្តាប្រទេស៨លើពិភពលោក។ គោលដៅរបស់ CONFORAMA មកវិនិយោគនៅកម្ពុជា ក៏ដោយបានឃើញមានស្ថិរភាពខាងកំណើនសេដ្ឋកិច្ចនិងកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមិនឈប់ឈរ ដែលផ្តល់ឪកាសឲ្យអតិថិជនវ័យក្មេងសម្រាប់តម្រូវការរបស់ខ្លួននៅតាមគេហដ្ឋាននូវគ្រឿងសង្ហារឹមដែលទាន់សម័យ គុណភាពល្អ តម្លៃសមរម្យ ដែលអាចជម្រុញឲ្យមានសន្ទុះជាវិជ្ជមានក្នុងការពង្រីកហាង CONFORAMAយ៉ាងលឿននៅទីនេះ។​

ពិធីចុះអនុស្សារណៈនេះបានបញ្ចប់ដោយមានការថតរូបជាអនុស្សាវរីយ៍ជាមួយគណៈអធិបតីក្រោមបរិយាកាសដ៏មានអត្ថន័យក្រៃលែង។