ឯកឧត្តម ជា ចាន់តូ បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចូលជួបនិងជម្រាបជូនពីលទ្ធផលនៃការបំពេញទស្សនកិច្ចនៅកម្ពុជា


ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Jarkko Turunen អនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក (APD) ចូលជួបនិងជម្រាបជូនពីលទ្ធផលនៃការបំពេញ ទស្សនកិច្ច នៅ កម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩។ ក្រុមបេសកកម្ម បានបង្ហាញសុទិដ្ឋិនិយមលើការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០១៩ និងក្នុងរយៈកាលមធ្យម ដោយ ប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៨ សម្រេចបានក្នុងអត្រា ៧,៥% និងព្យាករថាមានអត្រា ៦,៨% នៅឆ្នាំ២០១៩ និងក្នុងរង្វង់ ៧% នៅឆ្នាំ២០២០ និងក្នុងរយៈកាលមធ្យម (២០២១-២០២៤)។ អតិផរណាត្រូវបានព្យាករ ថា នឹងបន្តមានកម្រិតទាបក្នុងរង្វង់ ៣% ទាំងក្នុងរយៈកាល ខ្លីនិង មធ្យម ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ។ ចំណែកឯទុនបម្រុងអន្តរជាតិនឹងបន្តរក្សាបានកម្រិតប្រមាណ ៥ខែ នៃការនាំចេញទំនិញនិងសេវានៃឆ្នាំបន្ទាប់។ ទន្ទឹមនេះ វិស័យធនាគារបន្តរក្សាបានវឌ្ឍនភាពនិងស្ថិរភាព ជាមួយនឹងនិន្នាការកំណើនឥណទានថយចុះសន្សឹមៗ ក្នុងអត្រាសមស្របទៅនឹងការរីកចម្រើនសេដ្ឋកិច្ច។
មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានសន្យានឹងបន្ដផ្តល់ជំនួយផ្នែកបច្ចេកទេសដល់ធនាគារជាតិនៃកម្ពុជាលើផ្នែកសំខាន់ៗ រួមមាន ការត្រួតពិនិត្យធនាគារ ការគ្រប់គ្រងសន្ទនីយភាព ការរក្សាស្ថិរភាពហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារអន្ដរធនាគារ និងទីផ្សារប្ដូរប្រាក់ ជាដើម។