សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ផ្ញើសារលិខិតជូន សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ


(ភ្នំពេញ)៖ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី សូមសម្ដែងនូវមនោសញ្ចេតនារីករាយ និងសូមគោរពជូនពរបវរមហាប្រសើរជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមប្រកបដោយកម្លាំងមាំមួន សុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសវឌ្ឍនភាព និងកិត្យានុភាពលើសកលលោក។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕