អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវវង់ធំចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើត


កំណាត់ផ្លូវវង់ធំក្នុងរមណីយដ្ឋានអង្គរត្រូវបានជួសជុលកែលម្អចាប់ពីប្រាសាទនាគព័ន្ធរហូតដល់ប្រាសាទមេបុណ្យខាងកើត ដោយបានអ៊ុតកៅស៊ូប្រវែង៥០០០ម៉ែត្រ។ គម្រោងនេះបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩។

គម្រោងជួសជុលកែលម្អផ្លូវវង់ធំនេះ គឺដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងតំបន់ក្នុងការធ្វើដំណើរឆ្លងកាត់ ការប្រកបរបរចិញ្ចឹមជីវិត ការដឹកជញ្ជូនទំនិញចេញចូល រួមទាំងបម្រើឱ្យវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានជួសជុលលើកំណាត់ផ្លូវវង់ធំនេះបានប្រវែងប្រមាណ៩០៦០ម៉ែត្រ ចាប់ពីក្លោងទ្វារដីឆ្នាំងរហូតដល់ប្រាសាទមេបុណ្យខាងកើត។ អាជ្ញាធរជាតិអប្សរាក៏មានផែនការជាបន្តបន្ទាប់ទៀតក្នុងការជួសជុលកែលម្អផ្លូវវង់ធំក្នុងរមណីយដ្ឋានអង្គរដែលមានប្រវែងសរុប២០គីឡូម៉ែត្រ។

ចំពោះការជួសជុលកែលម្អផ្លូវកៅស៊ូនៅវង់ធំនេះ អាជ្ញាធរជាតិអប្សរាបានសិក្សាច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមកក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ី-អង្គរ ក៏បានចុះពិនិត្យនិងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការការអនុម័តឱ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងមកដែរ៕