លោកជំទាវ ឯម ប៉ុណ្ណា បានដឹកនាំប្រតិភូសាខាសមាគមនារីខេត្ត ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រា គ្មានទីពឹង និងមេដោះ នៅផ្ទះស្វែងរកក្តីស្រម័យឲ្យកុមារ


លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាសមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូសាខាសមាគមនារីខេត្ត ចុះជួបសំណេះសំណាល និងរៀបអាហារសាមគ្គី ដល់ក្មួយៗកុមារកំព្រា គ្មានទីពឹង ចំនួន៦៣នាក់ និងមេដោះ១៦នាក់ នៅផ្ទះស្វែងរកក្តីស្រម័យឲ្យកុមារ ស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។​

ពិធីនេះប្រារព្ធធ្វើឡើង ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងដោយបានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកាកិត្តិយសសាខា គណៈកម្មការសាខាសមាគមនារីខេត្ត ក្រុមសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត អាជ្ញាធរស្រុក ឃុំ យុវជនស្ម័គ្រចិត្តជប៉ុន និងគណៈដឹកនាំមណ្ឌលយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ប្រតិភូក៏បានចែកអំណោយជូនដល់កុមារកំព្រាទាំង៦៣នាក់ ក្នុងម្នាក់ៗទទួលបានសម្ភារប្រើប្រាស់ សម្ភារសិក្សា និងសម្លៀកបំពាក់មួយកញ្ចប់ធំ ព្រមទាំងថវិកា២ម៉ឺនរៀល ។ ដោយឡែកមេដោះ និងអ្នកគ្រប់គ្រងមណ្ឌល ចំនួន១៦នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមាធំ១ និងថវិកា៤ម៉ឺនរៀល ព្រមទាំងបានរៀបចំអាហារពិសារួមគ្នា ដោយភាពកក់ក្ដៅផងដែរ៕