ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ អនុញ្ញាតឲ្យគណប្រតិភូខេត្តគៀងយ៉ាង ប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម្យ និងគោរពជូនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បាន អនុញ្ញាតឲ្យ លោក ម៉ាយ អាញ់ញៀម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង និងសហការី ចូលជួបសម្ដែងការគួរសម្យ និងគោរពជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃ ណីជាតិខ្មែរខាងមុខ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។

ក្នុងឱកាសមកជូនពរឆ្នាំថ្មីដល់រដ្ឋបាលខេត្តតាកែវ លោក ម៉ាយ អាញ់ញៀម អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្តគៀងយ៉ាង និងជាប្រធានគណៈប្រតិភូ បានមានប្រសាសន៍ សូមបួង សួងដល់វត្ថុស័ក្តិសិទ្ធ ប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ បុត្រា បុត្រី ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ សូមមានសុខភាពល្អ ជ័យជម្នៈគ្រប់ភារកិច្ច និងរស់នៅប្រកបដោយ ពុទ្ធពរទាំង ៤ប្រការ សុខៈ ពលៈ អាយុ វណ្ណៈ កុំបីឃ្លៀង ឃ្លាតឡើយ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត នឹងខិតខំប្រឹងប្រែងរឹតចំណងសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងខេត្តគៀនយ៉ាង ឲ្យកាន់តែល្អរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសធ្វើខិតខំធ្វើយ៉ាងណាឲ្យព្រំដែននៃខេត្តនិងប្រទេសទាំងពីរ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឲ្យខានតែបានចំពោះបទល្មើសតាមបន្ទាត់ព្រំដែននេះ ។ ឯកឧត្តម អ៊ូច ភា បានថ្លែងបន្ថែមទៀតថា នឹងប្តេជ្ញាបន្តបង្កើនកិច្ចសហប្រតិបត្តិការណ៍នេះ នឹងផ្តល់ផលប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ឲ្យមានជីវភាពកាន់តែរីកចម្រើន និងធូរធារ ក្នុងនាមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងពីរ៕