សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការខេត្តស្វាយរៀង


នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង។
នៅមុនកិច្ចសំណេះសំណាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងថាខេត្តស្វាយរៀង គឺជាខេត្តមួយក្នុងចំណោមខេត្តលូតលាស់ផ្នែកសេដ្ឋកិច្ចផ្សេងទៀត ដោយការកើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេស ដែលជួយកម្ពុជាក្នុងការនាំចេញផលិតផលទៅកាន់បណ្ដាប្រទេសដ៏ទៃ។
សម្ដេចតេជោ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងមានសមត្ថកិច្ចត្រូវរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពារនូវបទល្មើសផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដែលជាបញ្ហាធ្ងន់ធ្ងរដែលត្រូវតែយកចិត្តទុកដាក់សហការណ៍គ្នាដោះស្រាយអោយបានព្រមគ្នា ការពារអំពើរភេរវកម្ម ត្រូវអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព អោយបានខ្ជាប់ខ្ជួន។ ត្រូវខិតខំដោះស្រាយសេវាជូនប្រជាពលរដ្ឋដោយអនុវត្តអោយបានត្រឹមត្រូវទៅតាមច្បាប់កំណត់រួមមាន សេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសគឺសេវាតម្រូវការរួមមានការធ្វើអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ ប័ណ្ណស្នាក់នៅ ធ្វើអត្តសញ្ញាណប័ណ្ណ ។
មន្ត្រីទាំងអស់ត្រូវខិតខំលុបបំបាត់ភាពអសកម្មដែលធ្វើអោយប្រជាជនថ្នាំងថ្នាក់ លើសពីនេះត្រូវយកចិត្តទុកដាក់កសាងអំពើល្អជាមួយប្រជាពលរដ្ឋអោយបានច្រើន។ សមត្ថកិច្ចទាំងអស់ត្រូវគាំទ្រក្នុងការប្រមូលពន្ធ និងប្រឆាំងការគេចពន្ធដើម្បីបង្កើនប្រាក់ចំណូលជាតិ។ ខេត្តស្វាយរៀងគឺជាខេត្តដែលមានច្រកអន្តរជាតិផង ទ្វេភាគីផង និងតំបន់រោងចក្រជាច្រើនទៀតដែលបានបោះទីតាំងនៅក្នុងខេត្តស្វាយរៀង ដូច្នេះត្រូវសហការអោយបានល្អដើម្បីបង្កើនប្រាក់ចំណូលពីការប្រមូលពន្ធ។ ត្រូវពិនិត្យមើល និងយកចិត្តទុកដាក់តំបន់ដែលត្រូវការពារ ជាពិសេសយកចិត្តទុកដាក់ការពារបង្គោលព្រំដែនដែលបាននៅសល់ពីអតីតកាល។ ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លី ដែលមាននៅក្នុងខេត្តរបស់ខ្លួនអោយបានល្អ។ ត្រូវបន្តពន្យល់ និងជំរុញប្រជាពលរដ្ឋអោយបានទៅចុះឈ្មោះបោះឆ្នោតអោយបានឆាប់រហ័ស និងគ្រប់គ្នា ព្រោះនឹងត្រូវបញ្ចប់នៅពេលឆាប់ៗនេះហើយ។
អាជ្ញាធរខេត្ត ត្រូវផ្សព្វផ្សាយសារាចរណ៍ណែនាំអំពីផ្សារលក់ដូរអោយបានល្អ និងទូលំទូលាយទៅដល់បងប្អូនអាជីវករនៅតាមបណ្ដាផ្សារនៅក្នុងខេត្តរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ធ្វើការងារជាមួយកម្មករអោយបានល្អ ព្រោះខេត្តស្វាយរៀងមានរោងចក្រច្រើន ជាពិសេសគឺនៅតាមតំបន់ឧស្សាហកម្មពិសេស។ ត្រូវខិតខំរក្សាទំនាក់ទំនងអោយបានល្អជាមួយប្រទេសវៀតណាម ដោយខេត្តស្វាយរៀងគឺជាខេត្តដែលមានព្រំប្រទល់ជាប់វៀតណាម ដែលត្រូវពឹងផ្អែកគ្នាទៅវិញទៅមក។ លើសពីនេះត្រូវពិនិត្យមើលលទ្ធភាពដីរបស់ខេត្តជាក់ស្ដែងដើម្បីរៀបចំអោយបងប្អូនប៉ូលីស ឬយោធាការពារព្រំដែនដែលពុំមានដី ដើម្បីទទួលបានដីសម្រាប់រស់នៅ និងប្រកបរបរកសិកម្មនៅតំបន់ព្រំដែនតែម្ដងតែទន្ទឹមនឹងនេះត្រូវទប់ស្កាត់អោយបាន នូវការលក់ ឬជួលដីទៅអោយប្រជាជនវៀតណាម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តស្វាយរៀងអោយកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការ និងឆន្ទះល្អមុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

5131

5141

5151

5161

5171

0515

5181