សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ សៅទី បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ


នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ -១៦ ខែមេសាឆ្នាំ២០១៩ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជា និងលោកជំទាវ សៅទី ព្រមទាំងឯកឧត្តម លោកជំទាវជា បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាន និមន្តព្រះសង្ឃ ដើម្បីប្រារព្ធពិធីសូត្រមន្តបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវស្ថិតនៅភូមិអន្លង់ជ្រៃឃុំកក់ស្រុកពញាក្រែកខេត្តត្បូងឃ្មុំព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០១៩។

ពិធីនេះ សម្តេចចក្រី និងលោកជំទាវ បានរៀបចំប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីនមសិកាព្រះរតនត្រ័យ សមាទានសីល បង្សុកូល និងប្រារព្ធពិធីរាប់បាត្រ ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។ សូម ដួងវិញ្ញាណក្ខន្ធទាំងឡាយ បានសោយសុខក្នុងឋានបរមសុខកុំបីអាក់ខានឡើយ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជានិងសូម ទេវតាឆ្នាំថ្មីឆ្នាំកុរ ព្រះនាម ទុង្សាទេវី សូមតាមជួយអភិបាលប្រោសព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះបងប្អូនជនរួមជាតិ កូនប្រុស កូនស្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលកុំបីឃ្លៀងឃ្លាតឡើយ។