ថ្នាក់ដឹកនាំ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ថ្លែងអំណរគុណសម្តេច ស ខេង និងលោកស្រី ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរខ្ពស់ ជួយឧបត្ថម្ភជារៀងរហូតមក


(បាត់ដំបង)៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជនលើកកម្ពស់តួនាទី អតីតយុទ្ធជន ឲ្យស័ក្តិសមនឹងគុណបំណាច់ចំពោះប្រទេសជាតិ និងដើម្បីបង្កើនស្មារតី យកចិត្តទុកដាក់ឲ្យកាន់តែទូលំទូលាយ ក្នុងការជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្ត លើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជាពិសេសអតីតយុទ្ធជន ជាជនពិការ និងទីទ័លក្រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង និងលោកជំទាវ បានជួយឧបត្ថម្ភជាបន្តបន្ទាប់។

ឆ្លើយតបសំណូមពររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ជាក់ស្តែងកាលពីថ្ងៃច័ន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង និងលោកជំទាវ បានផ្តល់អំណោយជូនសមាជិក ស.អ.ក ខេត្ត ជាជនពិការចំនួន ៤.៧៩១នាក់ ក្នុងម្នាក់ៗទទួលបាន ៥០.០០០រៀល សរុប ២៣៩.៥៥០.០០០រៀល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខាងមុខនេះ។

ជំនួសមុខបងប្អូន ឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច ប្រធានសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និងសមាជិកទាំងអស់សមាជិកសមាគម និងក្នុងនាមថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង យើងខ្ញុំទាំងអស់គ្នា មានសេចក្តីរំភើបរីករាយ និងសូមគោរពថ្លែងអំណរគុណជាអនេក ជូនចំពោះសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរខ្ពស់ ជួយឧបត្ថម្ភជ្រោមជ្រែងដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងជារៀងរហូតមក។

ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងទាំងអស់ ខ្ញុំសូមប្រសិទ្ធិពរជ័យ ជូនចំពោះ សម្តេចក្រឡាហោម និងលោកស្រី បុត្រាបុត្រី ចៅប្រុសចៅស្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលមកដល់ក្នុងពេលដល់ខ្លីខាងមុខនេះ សូមទទួលបានជោគជ័យ ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ និងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កបីឃ្លៀងឃ្លាតឡើយ៕