ខេត្តសៀមរាបរៀបចំកិច្ចប្រជុំបូកសរុបការងារទេសចរណ៍ត្រីមាសទី១​ ឆ្នាំ២០១៩


ថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០១៩នេះ នៅរដ្ឋបាលខេត្តសៀមរាបមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ ប្រចាំត្រីមាសទី១ និង លើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០១៩ របស់មន្ទីរទេសចរណ៍ខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង បណ្តាបងប្អូនជាម្ចាស់ បុគ្គលិក អាជីវករបម្រើសេវាកម្មវិស័យទេសចរណ៍ក្នុងខេត្តប្រមាណជាង២០០នាក់ចូលរួម ។

កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យពីវឌ្ឍនភាពការងារ និង បញ្ហាប្រឈម និង ដើមី្បចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាតរបស់បេក្ខភាពក្រុងសៀមរាប និង ការគ្រប់គ្រងសំណល់រឹង និង រាវ ព្រមទាំងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ក្នុងក្រុង និង ការរៀបចំវិថីលក់ម្ហូបអាហារផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ទៀ សីហា បានលើកផងដែរថា វិស័យទេសចរណ៍ គឺជាវិស័យមួយមានលក្ខណៈជា ប្រព័ន្ធ ស្ថិតក្នុងលំដាប់វិស័យសេដ្ឋកិច្ច ជាអាទិភាព ហើយត្រូវបានកំណត់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន័វិស័យទេសចរណ៍ខេត្តសៀមរាប គឺជាត្រីវិស័យមួយចង្អុលបង្ហាញលើការអនុវត្តការងារ ប្រកបទៅដោយប្រសិទ្ធភាព និរន្តភាព ដើមី្បប្រែក្លាយខេត្តសៀមរាប ទៅជាមជ្ឈមណ្ឌលទេសចរណ៍របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍តំបន់សៀមរាប អង្គរ ដែលជាគោលដៅដ៏ពេញនិយមជាងគេ និង មានលក្ខណៈសម ស្របទៅនឹងទីកន្លែងសម្បត្តិបេតិកភណ្ឌ និង ធម្មជាតិ ។ ម៉្យាងទៀតខេត្តសៀមរាប ក៏ពឹងផ្អែកសំខាន់លើវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយ ក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម ទៀ សីហា ក៏បាន លើកនូវសំណូមពរមួយចំនួន សូមឲ្យគ្រប់បណ្តាអង្គរភាព ស្ថាប័ន ទាំងរដ្ឋ និង វិស័យឯកជន ចូលរួមថែរក្សានូវធនធានធម្មជាតិ នៅខេត្តសៀមរាប និង ការងារសន្តិសុខ សណ្តាប់ធ្នាប់ សំខាន់ទៅលើបញ្ហាការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបច្ចុប្បន្ន បញ្ហាការកកស្ទះក្នុងក្រុងសៀមរាប អាជ្ញាធរខេត្តបានកំពុងធ្វើការដោះស្រាយ សំរួលបណ្តាផ្លូវមួយចំនួនក្នុងក្រុង និង ត្រូវចូល រួមថែរក្សានូវបរិស្ថានក្នុងក្រុង ក៏ដូចទូទាំងខេត្ត ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ អំពីការរៀបចំព្រឹត្តិការណ៍សៀមរាប សង្រ្កាន្តឆ្នាំថ្មី ដើមី្បទទួលសាទរទេវតាឆ្នាំថ្មីខាងមុខនេះ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយបានបង្កើតនូវកម្មវិធីថ្មីៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ សំខាន់យុវជនខ្មែរយើង ចូលរួមសប្បាយរីករាយផងដែរ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានធ្វើការកោតសរសើរផងដែរ ទាំងអង្គភាពរដ្ឋ និងវិស័យឯកជន ដែលបានយកចិត្តទុកដាក់លើវិស័យទេសចរណ៍នៅកម្ពុជា ចំពោះការអភិវឌ្ឍន៍វិស័យទេចរណ៍ និងគោលដៅទេសចរជាចំបង របស់ប្រទេសជាតិនៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ខេត្តសៀមរាប បានស្រូបយកភ្ញៀវទេសចរណ៍បានយ៉ាងច្រើនក្នុងឆ្នាំ ប្រមាណ៤០% នៃភ្ញៀវទេសចរណ៍សរុបទូទាំងប្រទេស ។

ឯកឧត្តមបានបន្តទៀតថា កិច្ចប្រជុំនេះ គឺធ្វើការពិនិត្យនូវវឌ្ឍនភាពប្រចាំត្រីមាស ដោយលើកឡើងពីភាពរីកចម្រើន និង បញ្ហាប្រឈម ព្រមទាំងដំណោះស្រាយមួយចំនួនក្នុងគោលដៅ នៃគោលបំណងធ្វើយ៉ាងណារក្សាឲ្យបាននូវខេត្តសៀមរាប ឲ្យនៅជាគោលដៅនៃភ្ញៀវទេសចរ ប្រមូលផ្តុំដោយចិរភាព ។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ថា គោលដៅសំខាន់ដ៏ធំនោះ គឺអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក និង ការទាក់ទងទៅនឹងក្រុងសៀមរាប តំបន់ចុងឃ្នៀស និង តំបន់ច្រក ទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ព្រមទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗទៀត។

ក្នុងនោះដែរឯកឧត្តម ក៏បានលើកឡើង ចំពោះចំណុចបញ្ហាមួយចំនួន សម្រាប់យើងទាំងអស់គ្នា ដើមី្បធ្វើយ៉ាងណា យកមកធ្វើការដោះស្រាយជា មួយគ្នា ដោយភាពស្មោះត្រង់នឹងគ្នា ។ ឯកឧត្តមលើកឡើងថា ដើមី្បចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាទំនៀមទំលាប់ ប្រពៃណី ស្នាដៃ ស្ថាបត្យកម្ម អក្សរសាស្ត្រ ក្បាច់ចន្លាក់ សិល្បះវប្បធម៌ ដ៏ល្អផូរផង់ ជាអត្តសញ្ញាណជាតិ និង ជាមរតកដ៏មាន តម្លៃរបស់ជាតិនោះ ឯកឧត្តមក៏បានណែនាំ ផ្តល់នូវអនុសាសន៍មួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចពិភាក្សា និង ដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលបានជួបនាពេលកន្លង អំពីចំណុចខ្លាំង និង ខ្សោយ ដែលជាយន្តការមួយសម្រាប់យើង រួមគ្នា ធ្វើការអនុវត្តបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យទេសចរនៃខេត្តសៀមរាប ។
តាមរបាយការណ៍បញ្ជាក់របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងអំពីស្ថានភាពភ្ញៀវទេសចរ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ មានចំនួន ១លាន១៦៨ពាន់៦៦នាក់ ថយចុះ៦.២៥% ។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ៧៨៧ពាន់៩០០នាក់ ថយចុះ ៨,២៣% ក្នុងរយៈពេលដូច គ្នាឆ្នាំ២០១៨ (៨៥៨ពាន់៥៨០នាក់) , ភ្ញៀវទេសចរជាតិ ចំនួន ៣៨០ពាន់១៦៦នាក់ ថយចុះ ១,៨៨% ក្នុងរយៈពេលដូច គ្នាឆ្នាំ២០១៨ (៣៨៧ពាន់៤៥៤នាក់) ៕