ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺជាការបោះឆ្នោតពិត សម្តែងឆន្ទៈពិតប្រាកដ


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺជាការបោះឆ្នោតពិត សម្តែងឆន្ទៈពិតប្រាកដ ពីអង្គបោះឆ្នោតពិត ដើម្បីមានតួនាទី ភារកិច្ចបម្រើផលប្រយោជន៍ប្រជាជន និងជាតិទាំងមូល ។

ការលើកឡើងរបស់ឯកឧត្តម សុខ ឥសាន បែបនេះ បន្ទាប់ពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានចាត់ទុកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ថាជាការបោះឆ្នោតបង្គ្រប់កិច្ច និងធ្វើឡើង ដើម្បីបំភ័ន្ត សាធារណមតិជាតិ និងអន្តរជាតិ។ ក្រុមមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសបានថ្កោលទោស និងមិនទទួលស្គាល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ សម្រាប់អាណត្តិទី៣នេះទេ ពីព្រោះគណបក្ស ចាត់ទុកការបោះឆ្នោត ជាការបោះឆ្នោតក្លែងក្លាយ និងក្បត់ឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោត។ នេះបើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី។

យោងតាមបណ្ដាញសង្គមតេឡេក្រាម របស់ឯកឧត្តម​ សុខ ឥសាន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សា ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺជាការបោះឆ្នោតមែនទែន ដែលចេញជាអង្គការចាត់តាំងពិត មានមន្ត្រីធ្វើការពិត មិនមែនក្លែងក្លាយ ដូចពួកអតីតបក្សប្រឆាំងក្រៅច្បាប់ ដែលគ្មានអង្គការចាត់តាំង គ្មានមនុស្ស គ្មានតួនាទី គឺមានតែស្រមោល មានតែពាក្យសំដី គ្មានតួនាទីអ្វីច្បាស់លាស់ គ្មានរចនាសម្ព័ន្ធមនុស្សធ្វើការ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា “ការបោះឆ្នោតក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ គឺជាការបោះឆ្នោតពិត សម្តែងឆន្ទៈពិតពីអង្គបោះឆ្នោតពិត ហើយចេញជាលទ្ធផលពិត បានជាក្រុមប្រឹក្សាពិត មានមនុស្ស មានតួនាទី ភារកិច្ចធ្វើការបម្រើផលប្រយោជន៍ ជូនប្រទេសជាតិ ប្រជាជនកម្ពុជាពិត” ៕